ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆាបឆេះផ្ទះផលិតសាច់ប៉ាតេកម្ពស់៤ជាន់ទាំងព្រឹកនៅខណ្ឌដូន ពេញឆក់យកអាយុជីវិតមនុស្ស៤នាក់ ឆេះម៉ូតូឡានជិត១០គ្រឿង និងទ្រព្យសម្បត្តិជាច្រើនទៀត

    BY Khmernote Media June 29, 2021
    អគ្គិភ័យឆាបឆេះផ្ទះផលិតសាច់ប៉ាតេកម្ពស់៤ជាន់ទាំងព្រឹកនៅខណ្ឌដូន ពេញឆក់យកអាយុជីវិតមនុស្ស៤នាក់ ឆេះម៉ូតូឡានជិត១០គ្រឿង និងទ្រព្យសម្បត្តិជាច្រើនទៀត

    រាជធានីភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះផលិតសាច់ប៉ាតេមួយកន្លែង មានកម្ពស់៤ជាន់ពីរល្វែងជាប់គ្នាយ៉ាងសន្ធោសន្ធៅ និងមានមនុស្សជាប់ក្នុងផ្ទះថែមទៀតផង បង្កការភ្ញាក់ផ្អើលអាជ្ញាធរនិងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកដល់កន្លែងកើតហេតុ ទំរាំតែគាស់ទ្វារដែលចាក់គន្លឺះនិងសោ២ជាន់ ចូលអន្តរាគមន៍បាញ់ពន្លត់បាន តែជាអកុសលមនុស្សដែលជាប់ខាងក្នុងត្រូវបានស្លាប់ក្នុងភ្លើង ដោយសមត្ថកិច្ចបានរកឃើញសពចំនួន៤នាក់ហើយ។

    ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៤:២០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថិតនៅផ្ទះលេខ៤៤,៤៦(ផលិតប៉ាតេ) ផ្លូវលេខ២០០ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានបឋមបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា ប្រជាពលរដ្ឋក្បែរខាងបានរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់ពីបានឃើញផ្សែងខ្មួលខ្មាញ់ចេញពីផ្ទះកើតហេតុ ភ្លាមៗពុំមាននរណាម្នាក់អាចជួយសង្គ្រោះបឋមបាននោះទេ ដោយសារផ្ទះជាប់ទ្វារដែក (អូតូ) ប្រើតេឡេ ហើយអគ្គីភ័យបានឆេះផ្ដាច់ចរន្តអគ្គីសនីអស់ ទើបពុំអាចបើករត់ចេញមកក្រៅបាន ខណៈអណ្ដាតភ្លើងកំពុងឆាបឆេះនៅខាងក្នុងកាន់តែសន្ធោរសន្ធៅ ។

    បន្ទាប់មករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានមកដល់កន្លែងកើតហេតុអន្តរាគមន៍ ដោយប្រជាពលរដ្ឋនិងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ទៀតរួមទាំងក្រុមពន្លត់អគ្គិភ័យ បាននាំគ្នាគាស់និងបុកទម្លុះទ្វារដែក(អូតូ)ដែលប្រើតេឡេនោះទំរាំចូលទៅបាន ដើម្បីបាញ់ពន្លត់និងចូលសង្រ្គោះជីវិតមនុស្សដែលជាប់ក្នុងផ្ទះដែលកំពុងឆេះនោះ តែអកុសលអ្នកទាំងបួនដែលជាប់នៅក្នុងផ្ទះបានស្លាប់យ៉ាងអណោចអធ័មទៅហើយ ។ រីឯទ្រព្យសម្បត្តិនៅក្នុងផ្ទះមានរថយន្តចំនួន២គ្រឿង ម៉ាក Ford និង Lexus RX330 ឆេះខ្ទេច និងម៉ូតូចំនួន៧គ្រឿង ឆេះខ្ទេច ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀត។សមត្ថកិច្ចបានពន្លត់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង០៥:៣០នាទីព្រលឹមនៅថ្ងៃខែឆ្នាំដដែល ។ នេះជាដំណឹងបឋមដែលក្រុមការងារខ្មែរណូតទទួលបាន សូមរងចាំព័ត៌មានពិស្ដារ

    Share This Post: