ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិទ្យាល័យអង្គរ ត្រូវបានដាក់ជាមជ្ឈមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលហើយ

    BY Khmernote Media June 29, 2021
    វិទ្យាល័យអង្គរ ត្រូវបានដាក់ជាមជ្ឈមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលហើយ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដសៀមរាប មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះតទៅ វិទ្យាល័យអង្គរ ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានយកធ្វើជាមជ្ឈមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ដើម្បីជួយសម្រួលដល់កន្លែងព្យាបាលអ្នកជំងឺនៅទីកន្លែងចំនួនពីរទៀត។

    ទី១៖ នៅមន្ទីរពេទ្យបង្អែកខេត្ដមា ដែលមានចំនួន៤០គ្រែ សម្រាប់ព្យាលអ្នកជំងឺកូវីដ-១៩ មានកំរិតធ្ងន់ និងសង្គ្រោះបន្ទាន់។
    ទី២៖ នៅសាលាគរុកោសល្យនិងវិក្រិត្ដការខេត្ដ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធម្យម ដែលអាចដាក់អ្នកជំងឺពីចំនួន៨០នាក់ទៅចំនួន១០០នាក់ ខណៈវិទ្យាល័យអង្គរនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានកម្រិតស្រាល ដែលមានជាង១០០បន្ទប់ ដែលអាចដាក់បានអ្នកជំងឺពី៥០០នាក់ទៅ៦០០នាក់ ហើយទីតាំងនេះ យើងបានប្រើប្រាស់អស់រយៈពេល៣ថ្ងៃមកហើយ។

    លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ មានប្រសាសន៍ទៀតថា ដោយឡែកនៅតាមបណ្ដាស្រុក គឺយើងបានរៀបចំឲ្យមានជាមណ្ឌលសម្រាប់ព្យាលបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងកម្រិតមធ្យម ចំនួន៤កន្លែងទៀត គឺនៅស្រុកពួក, ស្រុកអង្គរជុំ, ស្រុកសូទ្រនិគម និង ស្រុកក្រឡាញ់។

    លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល មានប្រសាសន៍បន្ថែមទៀតថា ក្រៅពីទីតាំងសម្រាប់ព្យាលបាលអ្នកជំងឺកូវីដ-១៩ យើងក៏មានទីតាំងធ្វើជាមណ្ឌលចត្ដាឡីស័កផងដែរ ដែលនៅក្នុងក្រុងសៀមរាប មានមណ្ឌលចត្ដាឡីស័កវិទ្យាល័យសម្ដេចឪ, សាលារៀនវត្ដស្វាយ និងនៅតាមស្រុកមួយចំនួន។

    សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១.០៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៩១នាក់, កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ចំនួន៦៣៣នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១០នាក់ ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post: