ក្រសួងយុត្ដិធម៌៖ យុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ ក្នុងរយៈពេលជាង១ឆ្នាំមកនេះ ក្រសួងដោះស្រាយបានជិត៤ម៉ឺនរឿង ក្នុងនោះសំណុំរឿងព្រហ្មទណ្ឌ ជាង៣ម៉ឺនរឿង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា ចាប់ទាំងពីដំណើរការ នៃយុទ្ធនាការដោះស្រាយសំណុំ រឿងកកស្ទះ នៅក្នុងស្ថាប័នតុលាការជាង១ឆ្នាំកន្លងមកនេះ ក្រសួងដោះស្រាយបានជិត៤ម៉ឺនរឿង ក្នុងនោះសំណុំរឿងព្រហ្មទណ្ឌ បានជាង៣ម៉ឺនរឿង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ក្នុងរយៈពេលជាង១ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត ដោះស្រាយចំនួន ៣៧ ៩០០ រឿង ស្មើនឹង៩៦ភាគរយ នៃសំណុំរឿងព្រហ្មទណ្ឌកកស្ទះ ចំនួន ៣៩ ៥០០ រឿង។
បើតាមក្រសួងយុត្តិធម៌ “នៅក្នុងរយៈពេល ១ឆ្នាំ ១ខែ គិតពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃនៃការប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលា ដំបូងរាជធានី-ខេត្ត រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមរយៈ យុទ្ធនាការនេះ សាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេសបានដោះស្រាយសំណុំរឿង ព្រហ្មទណ្ឌ ដែលកកស្ទះទាំងដំណាក់កាលអយ្យការទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ៣៧ ៩០០ រឿង ស្មើនឹង ៩៦ ភាគរយ នៃសំណុំរឿង ព្រហ្មទណ្ឌដែលកកស្ទះសរុបជាង ៣៩ ៥០០ រឿង (សំណុំរឿងដែលត្រូវ បាន ជំនុំជម្រះ រួចមានចំនួនជាង ១២ ៦០០ រឿង ស្មើនឹង ៩៧ភាគរយ នៃចំនួនសំណុំរឿងសរុបជាង ១៣ ០០០ រឿង ក្នុងដំណាក់កាល ជំនុំជម្រះ)”។
ក្នុងសេចក្ដីប្រកាសបន្ដថា សាលាដំបូង រាជធានី-ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីបានចំនួនជាង ៦២ ៨០០ រឿង ស្មើនឹងជាង ៧៨ ភាគរយ នៃចំនួនសំណុំរឿងចូលថ្មីសរុបជាង ៨០ ៤០០ រឿង។ ផ្អែកលើលទ្ធផលដែល សម្រេចបាននេះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ និងដោយមានការ គាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ បើទោះបីជាកម្ពុជាបាននិងកំពុងស្ថិតក្នុងកាលៈទេសៈ ដ៏លំបាកនៃ ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក៏ដោយ ក៏សាលាដំបូងរាជធានី-ខេត្តចំនួន ២២ ក្នុងចំណោមសាលា ដំបូងសរុបទាំងអស់ចំនួន ២៤ បានប្រកាសជាបន្តបន្ទាប់នូវជោគជ័យរបស់ខ្លួនក្នុងការ អនុវត្តយុទ្ធនាការនេះ។ ទន្ទឹមនេះ សាលាដំបូង ចំនួន២ ទៀត គឺសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ ដែលជាសាលាដំបូងមានសំណុំរឿងច្រើនជាងគេ និងមានទីតាំងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ដោយសារផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ (មិនទាន់អាចសម្រេចគោលដៅ និងប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការនេះនៅឡើយទេ។
យោងតាមផែនការការងារ និងថវិការយៈពេល១ឆ្នាំ សម្រាប់អនុវត្តន៍យុទ្ធនាការនេះ និងបន្ទាប់ពីបានប្រជុំពិភាក្សាជាមួយសាលាដំបូងនៅទូទាំងប្រទេសរួចមក ក្រសួងយុត្តិធម៌សម្រេចប្រកាសបិទបញ្ចប់ យុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត និងរំសាយគណៈកម្មការ ដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស) ដើម្បីបង្កលក្ខណៈឱ្យក្រុមការងារយុទ្ធនាការដែលបានចុះធ្វើការងារជាប់ជាប្រចាំជាមួយសាលាដំបូងកន្លងមក អាច ប្រមូលផ្ដុំការយកចិត្តទុកដាក់លើការងារអាទិភាពផ្សេងទៀតរបស់ក្រសួងយុត្តិធម៌។
ជាមួយគ្នានេះ គ.យ.ក.ស ក៏មានសង្ឃឹមជឿជាក់ថា សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ នឹងបន្តខិតខំដោះស្រាយសំណុំរឿងនៅក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្រើនបន្ថែមទៀត ស្របតាមគោលការណ៍អនុវត្តន៍ដែលមាននៅក្នុងយុទ្ធនាការកន្លងមក ហើយឈានទៅប្រកាសជោគជ័យនាពេលដ៏ខ្លីខាងមុខនេះ។ ក្រសួងយុត្ដិធម៌ក៏បានបង្ហាញថា លទ្ធផលល្អប្រសើរដូចការរំពឹងទុក និងជាទីមោទនៈនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅ តាមសាលាដំបូងរាជធានី ខេត្ត មិនត្រឹមតែអាច ជួយដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត នឹងចូលរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារបានយ៉ាងច្រើនប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធនាការនេះ ក៏បានជួយលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្តល់ សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋផងដែរ ដោយក្នុងរយៈពេលអនុវត្តន៍យុទ្ធនាការនេះ ចំណាត់ការសំណុំរឿងក្តីព្រហ្មទណ្ឌនៅគ្រប់ដំណាក់កាលនៅតាមសាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានី ខេត្ត ទទួលបានលទ្ធផលខ្ពស់ជាង ២ដង បើធៀបនឹងឆ្នាំ២០១៨ និងឆ្នាំ២០១៩ កន្លងទៅ។
ក្នុងសេចក្ដីប្រកាសក៏បានបន្ថែមថា ផ្តើមចេញពីបទពិសោធន៍ល្អនៃការអនុវត្តយុទ្ធនាការនេះ ក្រសួងយុត្តិធម៌មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បើទោះបីជាយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងត្រូវបានបិទបញ្ចប់នាពេលនេះក្ដី ក៏សាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី ខេត្តទាំងអស់នឹងនៅតែបន្តយកចិត្តទុកដាក់ និងខិតខំពន្លឿនការដោះស្រាយសំណុំរឿងនៅតាម អង្គភាពរបស់ខ្លួនឱ្យបានឆាប់រហ័សត្រឹមត្រូវ និងប្រកបដោយគុណភាព ដោយមិនឱ្យមានការកកស្ទះសំណុំរឿងនៅក្នុងអង្គភាពរបស់ខ្លួនឡើយ៕




ប្រភព៖ ក្រសួងព័ត៌មាន