ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នារីម្នាក់អង្គុយលើបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ផ្អើលគេឯងស្មានតែនាងចង់លោតពីលើស្ពាន ក៏នាំគ្នាទៅជួយ បែរនាងនិយាយថា មានអារម្មណ៍ស្អុះស្អាប់ពេកមកអង្គុយលេងស្រូបខ្យល់ត្រជាក់ៗប៉ុណ្ណោះ

    BY Khmernote Media July 1, 2021
    នារីម្នាក់អង្គុយលើបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ផ្អើលគេឯងស្មានតែនាងចង់លោតពីលើស្ពាន ក៏នាំគ្នាទៅជួយ បែរនាងនិយាយថា មានអារម្មណ៍ស្អុះស្អាប់ពេកមកអង្គុយលេងស្រូបខ្យល់ត្រជាក់ៗប៉ុណ្ណោះ

    រាជធានីភ្នំពេញ ៖ នារីម្នាក់បានឡើងអង្គុយលេងលើបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ហើយត្រូវបានអ្នកដំណើរប្រទះឃើញ ស្មានតែនាងចង់លោតសម្លាប់ខ្លួន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចនិងអ្នកសារព័ត៌មាន ចុះទៅជួយលួងលោមនាងប្រាប់ថា មានអារម្មណ៍ស្អុះស្អាប់ពេកក៏ទៅអង្គុយលេងដើម្បីស្រូបយកខ្យល់ត្រជាក់ៗប៉ុណ្ណោះ ហើយត្រូវបានអ្នកសារព័ត៌មានយើងទាញដៃចុះមកក្រោមវិញ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម៉ោង០២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវកោង លើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១បានប្រាប់ឲ្យដឹងថា នារីរូបស្រស់ម្នាក់នោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណ២០ឆ្នាំ ស្នាក់នៅម្ដុំគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក(ក្បែរកន្លែងកើតហេតុ) ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់នោះ បានធ្វើដំណើរដោយថ្មើរជើងឡើងទៅលើស្ពានអាកាសស្ទឹងមានជ័យ រួចឈរលេងមួយសន្ទុះ ក៏ឡើងទៅអង្គុយលើបង្កាន់ដៃស្ពានតែម្ដង ស្មានតែនាងប្រុងឡើងលោតសម្លាប់ខ្លួន ឃើញដូច្នោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ប្រាប់សមត្ថកិច្ច និងអ្នកសារព័ត៌មានទៅដល់កន្លែងកើតហេតុមុន ហើយជួយនិយាយលួងលោមនាំនារីម្នាក់នោះ រួចអ្នកសារព័ត៌មានយើងក៏ចាប់ទាញដៃនាងចុះមកក្រោមវិញ និងជូនទៅកន្លែងមានសុវត្ថិភាពសិន ដើម្បីសួរនាំដំណើររឿង ។

    ប្រភពដដែលបន្តថា ខណៈពេលដែលចុះមកក្រោមហើយ បងប្អូនអ្នកសារព័ត៌មានយើងក៏បាននាំគ្នាសួរនាំនារីម្នាក់នោះដែរ តែនាងមិនបាននិយាយស្តីអ្វីទាំងអស់ គឺគ្រាន់តែប្រាប់មួយម៉ាត់ថា នាងមានអារម្មណ៍ស្អុះស្អាប់ពេក ក៏ទៅអង្គុយលេងលើស្ពានស្រូបយកខ្យល់ត្រជាក់ៗប៉ុណ្ណោះ ។ បច្ចុប្បន្នក្រោយពេលកើតហេតុ នារីរូបស្រស់ដែលអង្គុយលេងលើបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យនោះ បានដើរចុះទៅក្រោមស្ពានវិញបាត់ទៅ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: