ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ព្រមានពីការឆ្លងជំងឺកូវីដ១៩រលកទី៣ បើគ្មានវិធានការទប់ស្កាត់ជំងឺកូវីដបំប្លែងថ្មី ឱ្យទាន់ពេល

    BY Khmernote Media July 1, 2021
    សម្តេចតេជោ ហ៊ុន សែន ព្រមានពីការឆ្លងជំងឺកូវីដ១៩រលកទី៣ បើគ្មានវិធានការទប់ស្កាត់ជំងឺកូវីដបំប្លែងថ្មី ឱ្យទាន់ពេល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានពីការឆ្លងជំងឺកូវីដ១៩ រលកទី៣ បើសិនគ្មានវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដែលបំប្លែងខ្លួនថ្មីឱ្យទាន់ពេលវេលានៃជំងឺនេះ។

    ក្នុងការថ្លែងសារពិសេសអំពីស្ថានភាពជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ពីគេហេដ្ឋាន នាទីក្រុងតាខៅ្ម ខេត្ដកណ្ដាល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើសិនបើមិនមានវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បន្លែងខ្លួនថ្មី(Delta)នោះទេ នឹងមានរលកនៃការឆ្លងខ្លាំងទៀត ពីជំងឺកូវីដ១៩នេះ។

    សម្តេចតេជោបានគូសបញ្ជាក់ថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៩៩នាក់ ប៉ុន្តែមិនទាន់ដឹងពីចំនួនតួលេខអ្នកស្លាប់ និងអ្នកព្យាបាលជាសះស្បើយនោះទេ។

    សម្ដេចតេជោបានរម្លឹកថា រលកទី១ គឺថ្ងៃទី២៨វិច្ឆិកា ដែលមានចំនួនអ្នកឆ្លងតែជាង៤០នាក់ និងរលកទី២ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានអ្នកឆ្លងចំនួនច្រើន និងចំនួន ស្លាប់ច្រើន។ បើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងរហូតដល់ ៥៣ ០៨៥ នាក់ និងអ្នកស្លាប់ចំនួន៦០២នាក់។ សម្តេចតេជោបន្ថែមថា ចំនួនដែលឆ្លងច្រើនបំផុតគឺកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដែលមានរហូត ១ ១៣០ នាក់ និងស្លាប់២៧នាក់។ នៅក្នុងសភាពការណ៍នៃការឆ្លងរលកទី១ គឺមេរោគមកពីប្រទេសអង់គ្លេស ហើយមេរោគបំប្លែងថ្មីមកចេញពីប្រភពឥណ្ឌាមានឈ្មោះថា «Delta» បានចូលមកដល់ប្រទេសជិតខាង ក៏ដូចជាប្រទេសកម្ពុជាយើងដែរ។

    សម្តេចតេជោគូសបញ្ជាក់បន្ថែមថា «ឥឡូវនេះមានមេរោគ(Delta និង Deltaបូក) អីច្ចឹងទេវា នឹងមានរលកឆ្លងទី៣ កើតឡើង បើសិនយើងមិនយកវិធានការទាន់ពេលវេលាទេនោះ។ នេះជាការបារម្ភយ៉ាងធំមិនថាកម្ពុជានោះទេ នៅលើពិភពលោកទាំងមូលគឺមានបញ្ហានេះដូចគ្នា ឥឡូវនេះប្រទេសអាស៊ានក៏មានបញ្ហាដូចគ្នាដែរ គ្រាន់តែទំហំប្រជាជនខុសគ្នា»។

    សម្តេចតេជោបានថ្លែងថា តាមរយៈឆ្លងរលកទី២នៃព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជាបានដាក់ចេញច្បាប់ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងលិខិតគតិយុត្ដមួយចំនួន ព្រមទាំងដាក់ចេញវិធានការផ្សេងៗទៀត ក៏ដូចជាការបិទទីក្រុងភ្នំពេញ និងទីក្រុងតាខៅ្ម និងការឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: