សម្តេចតេជោ បញ្ជាក់ថា វ៉ាក់សាំងចំនួន ៥លានដូសទៀត នឹងមកជាបន្តបន្ទាប់នៅក្នុងខែកក្កដានេះ
នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ ដែលយើងបានឆ្លងកាត់នូវព្រឹត្តិការណ៍មួយចំនួនដែលអាច គ្រប់គ្រងបានជាបន្តបន្ទាប់។ ពេលនេះយើងត្រូវអនុវត្តបន្តទៀត ព្រោះអាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេ ពីព្រោះ ពេលនេះមានការរាតត្បាតថ្មីបង្កដោយមេរោគបំប្លែងខ្លួន «ដែលតា» ហើយមិនមែនតែករណីកម្ពុជានោះទេ គឺជាករណីព្រួយបារម្ភលើពិភពលោក ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្រទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានយ៉ាងហោចណាស់ចាក់ជូនប្រជាពលរដ្ឋឱ្យបាន១០លាននាក់ នៅជំហានដំបូង និងឈាងទៅដល់ក្មេងអាយុក្រោម ១៨ឆ្នាំផងដែរនាពេលខាងមុខ។ ទាក់ទងរឿងវ៉ាក់សាំងសម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងខែកក្កដា នេះ កម្ពុជាទទួលបានវ៉ាក់សាំងពីចិន ចំនួន ៥លានដូស ក្នុងនោះថ្ងៃទី៦ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស, ថ្ងៃទី១០ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស និងស៊ីណូវ៉ាក់ ៣លានដូស។ ពេលវ៉ាក់សាំងមកដល់ ត្រូវបែងចែកទៅតាមខេត្ត ហើយប្រមូលផ្តុំកម្លាំងសម្រុកចាក់តែម្តង៕
