ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកយាយអាយុ១០១ឆ្នាំ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ទទួលបានអំណោយថវិកា ៣លានរៀលពីសម្តេចតេជោ ហ៊ុន សែន

    BY Khmernote Media July 2, 2021
    លោកយាយអាយុ១០១ឆ្នាំ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ទទួលបានអំណោយថវិកា ៣លានរៀលពីសម្តេចតេជោ ហ៊ុន សែន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងឱកាសអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកយាយ ហូ ខាំ ដែលមានវ័យ ១០១ឆ្នាំ ហើយដែលបានអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី០២ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា លោកយាយអាយុ ១០១ឆ្នាំ ដែលអញ្ជើញមកចាក់វ៉ាក់សាំងចិននៅពេលនេះ ជាសក្ខីភាពនៃប្រសិទ្ធភាពវ៉ាក់សាំង ដែលសម្តេចប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ណាស់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ ដោយបានខិតខំស្វះស្វែងរកនូវវ៉ាក់សាំង ទាំងយន្តការបញ្ជាទិញ ទាំងយន្តការជំនួយ និងយន្តការស្នើសុំពីមិត្តចិន ហើយនេះក៏ជាសក្ខីភាពច្បាស់ថា គ្រប់វ៉ាក់សាំងគឺពិតជាមានប្រសិទ្ធភាព មិនថាវ៉ាក់សាំងរបស់ប្រទេសណានោះទេ ហើយក៏បង្ហាញពីសិទ្ធិក្នុងការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋផងដែរ។

    លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា ៖ “ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងប្រទេស សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបងប្អូនរស់នៅ ព្រោះថាការចាក់វ៉ាក់សាំងនេះ គឺមានសារៈសំខាន់បំផុត ដូចបងប្អូនឃើញស្រាប់ហើយថា លោកយាយដែលមានវ័យជរារហូតដល់អាយុ ១០១ឆ្នាំទៅហើយ នៅតែអាចទទួលវ៉ាក់សាំងបាន ដែលការចាក់វ៉ាក់សាំងនេះគឺនឹងជួយការពារអាយុជីវិតបងប្អូនរាល់គ្នា ពីការវាយលុកដោយវីរុសកូវីដ-១៩ ជាពិសេសគឺពពួកបំប្លែងថ្មី រួមមាន ដែលតា ដែលតាផ្លាស អាលហ្វា។ល។ ជាដើម។ ហើយការចាក់វ៉ាក់សាំងទៀតសោត គឺមិនមែនតែជួយការពារជីវិតខ្លួនឯងនោះទេ គឺជួយក្រុមគ្រួសារខ្លួន និងសង្គមជាតិខ្លួនផងដែរ និងសូមកុំគិតថា ខ្ញុំឈឺនេះ ខ្ញុំឈឺនោះ ឬក៏ខ្ញុំចាស់ហើយមិនបាច់ចាក់វ៉ាក់សាំង ដែលនេះគឺជាការគិតខុសធ្ងន់ណាស់ ព្រោះថាក្រុមមនុស្សដែលប្រឈមពីការវ៉ៃលុកធ្ងន់ធ្ងរ គឺក្រុមដែលមានវ័យចាស់ជរានេះ និងក្រុមដែលមានជំងឺប្រចាំកាយ”។

    ដោយឡែក លោកជំទាវ ក៏បានអំពាវនាវដល់ក្រុមគ្រួសារដែលមានសមាជិក មានវ័យជរា ឬមានជំងឺប្រចាំកាយជាដើម ត្រូវខិតខំពន្យល់ពួកគាត់អំពីសារៈសំខាន់ នៃការចាក់វ៉ាក់សាំង ដើម្បីឱ្យពួកគាត់ជ្រាបច្បាស់អំពីសារៈប្រយោជន៍នេះ និងធ្វើការសម្រេចចិត្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលសម្តេចតេជោ បានខិតខំបំផុតស្វះស្វែងរកវ៉ាក់សាំងចាក់ជូនជនរួមជាតិនៅពេលនេះ។

    ដោយឡែកសម្រាប់ការងារចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញវិញ លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថា ៖ “ខ្ញុំសូមជម្រាបជូនថា ការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ នឹងបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ខាងមុខ ដែលគិតរហូតមកទល់ថ្ងៃនេះ គឺស្ទើរតែ១០០ភាគរយហើយ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលបានទទួលវ៉ាក់សាំង ហើយបើនិយាយអំពីតួលេខវិញ គឺយើងចាក់លើសផែនការ ដោយសារមូលហេតុទី១ គឺតួលេខក្នុងការផ្តល់វ៉ាក់សាំង ជាតួលេខប៉ាន់ស្មានដោយបានជ្រើសរើសក្រុមមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ហើយមូលហេតុទី២គឺដោយសារតែមានបងប្អូនប្រជាពលរដ្ឋដែលនៅជិតៗរាជធានីភ្នំពេញ បានមកចាក់វ៉ាក់សាំងដែរ ដែលនេះក៏បង្ហាញឱ្យឃើញថា បងប្អូនយើងចង់ចាក់វ៉ាក់សាំងតែម្តង នេះក៏បញ្ជាក់ឱ្យឃើញថាបងប្អូនយើងមិនជឿលើក្រុមអគតិដែលព្យាយាមរារាំងមិនឱ្យមកទទួលវ៉ាក់សាំងនោះទេ។ ហើយមូលហេតុទី៣ គឺដោយសារតែពេលនោះ យើងគិតតែជនរួមជាតិកម្ពុជា ដោយពុំបានគិតទៅដល់ជនបរទេស ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

    សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងដូសទី១ បានចំនួន ៤ ៣០៤ ៥៧២នាក់ និងបានចាក់ដូសទី២ បានចំនួន ៣ ១០៣ ៩៤៥នាក់ ដែលស្មើនឹង ៤៣.០៥% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

    ចំពោះការមកដល់នៃវ៉ាក់សាំងវិញ គឺនៅក្នុងខែកក្កដានេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ០៥លានដូសបន្ថែមទៀត និងខែសីហាខាងមុខ នឹងទទួលបានចំនួន ០៤លានដូសទៀត ហើយបើតាមការបញ្ជាក់របស់លោកជំទាវ គឺកម្ពុជាអាចនឹងសម្រេចការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស សម្រាប់ក្រុមគោលដៅទាំង១០លាននាក់នេះ ក្នុងរង្វង់យ៉ាងយូរបំផុត ក្នុងខែវិច្ឆិកា ឆ្នាំ២០២១៕

    ប្រភព​៖ ក្រសួងព័ត៌មាន

    Share This Post: