ឯកឧត្តម ឃួង ស្រេង ៖ ការព្យាបាលតាមផ្ទះជាជម្រើសដ៏ល្អសម្រាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយតែនៅមានវិជ្ជមានកូដវីដ-១៩
ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១–តាមរយៈកិច្ចប្រជុំស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះតាមរយៈ Video Conference នារសៀលថ្ងៃទី០៣ កក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការព្យាបាលតាមផ្ទះជាជម្រើសដ៏ល្អសម្រាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួច ហើយ ហើយនៅមានការឆ្លងទៀត។

ឯកឧត្តមបន្តថា ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហានទៅមុខរួចហើយដែលមកដល់ពេលនេះមានអ្នកជំងឺជាង៣០០ នាក់កំពុងសម្រាកព្យាបាលនៅតាមផ្ទះ។
ឯកឧត្តម អភិបាលរាជធានីបន្តថា យើង នឹងពិភាក្សាលម្អិតថែមទៀតទៅលើយន្ត ការដែលត្រូវរៀបចំឱ្យបានល្អធានាដល់ការផ្តល់សេវាសុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីក៏បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDA ដើម្បីផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋពីភាពចាំបាច់ក្នុង
ការសម្រាកព្យាបាលនៅតាមផ្ទះ។ខណ្ឌនីមួយៗត្រូវបង្កើតឱ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌដើម្បីប្រចាំបញ្ជាអន្តរាគមន៏ជួយប្រជាពលរដ្ឋដែល ត្រូវការឱ្យជួយដែលញាំញីដោយជំងឺកូវីដ-១៩ទាន់ពេលវេលានិងដោយការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។
ឯកឧត្តម ឃួង ស្រេង បានសន្និដ្ឋានថា យើងឃើញមានការឆ្លងច្រើនក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះមែនតែមនុស្សដែលឆ្លងនោះនៅមានកម្លាំងមាំមួន។ នោះយើងអាចយល់បានថា មកពីការចាក់វ៉ាក់សាំងទាំង២ដូសនោះកំពុងមានប្រសិទ្ធភាព ហើយការព្យាបាលនៅតាមផ្ទះគឺកាន់តែចាំបាច់និងមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះយើងនឹងពន្យល់អប់រំដល់ប្រជាពលរដ្ឋពីសារៈសំខាន់នៃការព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩ នៅតាមផ្ទះតាមរយៈការធ្វើសន្និសីទសារព័ត៌មានឱ្យមានការយល់ដឹងជាសាធារណៈជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យចូលរួមជាមួយអាជ្ញាធរ។
ពាក់ពន្ធ័នឹងការបន្តរិតបន្តឹងការគ្រប់គ្រងការជួបជុំមានដូចជាបៀហ្គាឌិន,ទីតាំងម៉ាស្សា KTVជាដើមលោកថា គឺមិនត្រូវបន្ធូរដៃឡើយ និយាយឱ្យស្រួលស្តាប់ គឺមុខរបរណាដែលមានការហាមឃាត់កន្លងមកគឺត្រូវតែរិតបន្តឹងឱ្យខ្លាំងកុំចាំបាច់មេ ក្រុងស្រែកបានអស់លោកធ្វើនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន