សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតប្រគល់សត្វតោឱ្យទៅជនជាតិចិន ដែលជាម្ចាស់ចិញ្ចឹមវិញ ហើយលុយពិន័យ ក៏ប្រគល់ឲ្យវិញដែរ
រឿងរ៉ាវសត្វតោឈ្មោលមួយក្បាលត្រូវបានជនជាតិចិនម្នាក់បានលួចលាក់ចិញ្ចឹមនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ និងត្រូវបានអាជ្ញាធរធ្វើការរឹបអូស យកទៅថែរក្សានៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងពិន័យជាប្រាក់៣ម៉ឺនដុល្លារក៏ដូចជាអោយជនជាតិចិនរូបនោះធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពចិញ្ចឹមសត្វព្រៃតទៅទៀត បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម Facebook ដោយអ្នកលេង Facebook ចង់អោយអាជ្ញាធរអនុញ្ញាតអោយជនជាតិចិនរូបនោះ បន្តចិញ្ចឹមសត្វតោមួយក្បាលនោះជាបន្តទៀត ព្រោះតែមនោសញ្ចេតនា រវាងម្ចាស់និងសត្វតោ បានស្អិតរមួតជាមួយគ្នាទៅហើយ។

នៅក្នុងរឿងរ៉ាវនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារមុននេះបន្តិចដោយបានរៀបរាប់ថា៖ “ក្រោយក្តាប់បានរឿងសត្វ តោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួង កសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យ ម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើ ទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្តិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ ប្រទេសដែលបានផ្តល់យោបល់និងអាណិត ដល់សត្វតោ”។
ក្នុងនោះមាន បងប្អូនប្រជាពលរដ្ឋ បាន Comment សួរសម្តេចតេជោថា “សូមគោរពសម្តេចពុក ចុះចំណែកលុយថ្លៃផាកពិន័យ?” ហើយសម្តេចតេជោ ក៏បានមានប្រសាសន៍ឆ្លើយតបថា “បើសិនមានផាកពិន័យត្រូវជូនត្រឡប់ទៅវិញ”៕








