ព្រឹកនេះ វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូហ្វាមចំនួន១លានដូស បានដឹកមកដល់កម្ពុជាហើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ១២,០២៤,០០០ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋក្នុងនោះមាន៖
១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (ស៊ីណូហ្វាម) ចំនួន ២,២០០,០០០ ដូស
២-ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស
៣-ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន ស៊ីណូវ៉ាក់ ចំនួន ៧,៥០០,០០០ ដូស និង ស៊ីណូហ្វាម ចំនួន ២,០០០,០០០ ដូស។
ហើយវ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៤,៥៩៩,៦៤៨នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៤៦% ៕



