«ព្រហ្មលិខិតលំអៀង» ចំណងដៃដ៏ថ្មីសន្លាងពីភីអិនអិន ក្រោមវត្តមានសម្តែងពីតារាពន្លកក្រោយ និងជើងចាស់ជាច្រើនដួងក្នុងសាច់រឿងដល់ទៅពីរជំនាន់
បន្ទាប់ពីភាពយន្តភាគខ្មែររឿង មន្តស្នេហ៍ចៅស្រី ត្រូវបានបញ្ចប់ទៅ ភីអិនអិន ក៏បានត្រៀមរួចជាស្រេចនឹងការបញ្ចេញស្នាដៃផលិតខ្សែភាពយន្តជាបន្តបន្ទាប់ទៀត ដើម្បីបម្រើជូនដល់អារម្មណ៍របស់ទស្សនិកជអ្នកគាំទ្រ។ ជាមួយគ្នានឹងការបញ្ចប់រឿងភាគចាស់នេះ រឿងភាគថ្មីដែលកំពុងតែនឹងមានវត្តមានបង្ហាញជាបន្តនោះគឺ រឿង ព្រហ្មលិខិតលំអៀង ដែលជាចំណងដៃថ្មីមួយ ដោយមានការចូលរួមផលិតយ៉ាងយកចិត្តទុកដាក់ពី ក្រុមការងារទូរទស្សន៍ភីអិនអិន និងផលិតកម្ម PR Production ។

សម្រាប់ការមកដល់នៃខ្សែភាពយន្តភាគខ្មែរដ៏ថ្មីសន្លាងមួយរឿងនេះដែរ គឺផ្តោតសំខាន់ទៅលើដំណើរជីវិតរបស់តួអង្គក្មេងស្រីពីរនាក់មានវាសនាខុសគ្នា បើទោះបីជាពួកគេកើតចេញពីផ្ទៃម្តាយតែមួយក៏ពិតមែន។ រឿងនេះ ក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីការតស៊ូ និងការប្រឈមមុខចំពោះបញ្ហា ទោះយើងកើតមកក្នុងត្រកូលក្រីក្រ ឬអភិជន ក៏ត្រូវតែមិនចុះចាញ់ និងតូចចិត្តចំពោះព្រហ្មលិខិតឡើយ ។

វត្តមនតារាសម្តែងជាច្រើនដួង រួមបញ្ចូលទាំងតារាជើងចាស់ និងពន្លកក្រោយៗ ដែលនឹងចាប់ដៃគ្នាបង្កើតជាសាច់រឿងដ៏ល្អមើលជក់ចិត្ត ។ ក្នុងនោះ រួមមាន ដូចជា កញ្ញា យូប៊ីន ( សម្តែងជាតួកូនស្រីភ្លោះ នុត និងនូ) , លោក ណាខុន ( សម្តែងជាតួអង្គ វេហា៍) , លោក សុខ សាននី( សម្តែងជាតួអង្គ ដេវីត) , លោក យ៉ែម សំអូន ( សម្តែងជាតួអង្គ សំណាង ) , អ្នកនាង លី ម៉ារីណា( សម្តែងជាតួអង្គ ធីតា) , កញ្ញា លឹម មួយហ្គេច, កុមារី ម៉ានីកា ( នុត និងនូ កាលនៅពីតូច ), លោក កូយ៉ា និងរួមទាំងតារាសម្តែងជាច្រើនដួងទៀត។ តួអង្គសម្តែងខាងលើ នឹងធ្វើឲ្យសាច់រឿងពោរពេញដោយអត្ថន័យ លាយឡំនឹងការប្រើមនោសញ្ចេតនា ក្នុងឈុតឆាកគ្រប់រសជាតិ ទាំងស្នេហា ទាំងជីវិតក្នុងគ្រួសារ។

យ៉ាងណាមិញ ដើម្បីចង់ដឹងថា តើខ្សែភាពយន្តភាគថ្មី រឿង ព្រហ្មលិខិតលំអៀង មានដំណើរសាច់រឿងបែបណាខ្លះ ពីជីវិតបងប្អូនស្រីភ្លោះទាំងពីរនាក់ ? សូមរង់ចាំទស្សនាការចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០៧ យប់ ( ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍) ៕







