ស្រវឹងហើយបើកបរទៀត! យប់មិញនេះមានរថយន្តពីរគ្រឿងក្រឡាប់ផ្ងារជើង នៅក្នុងខណ្ឌជ្រោយចង្វារ បង្កឡើងដោយអ្នកបើកបរមានសារធាតុស្រវឹង ត្រូវបានសមត្ថកិច្ចនាំខ្លួនឡើងជិះឡានសារ៉ែន វាស់ជាតិអាកុល
រាជធានីភ្នំពេញ៖ មានរថយន្ត២គ្រឿងក្រឡាប់ផ្ងារជើង នៅក្នុងខណ្ឌជ្រោយចង្វារ ដោយសារការបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងការបើកបរក្រោម ឥទ្ធិពលគ្រឿងស្រវឹង ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចផ្នែកចរាចរណ៍អធិការដ្ឋាននរបាលខណ្ឌជ្រោយចង្វារ នាំខ្លួនឡើងជិះរថយន្ត សារ៉ែន បញ្ជូនទៅ វាស់ជាតិអាកុល ទាំងពីរនាក់។

ករណីទី១៖ កើតឡើងកាលពីវេលាម៉ោង០០៖១២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ តាមបណ្តោយផ្លូវមាត់ទន្លេ កែងផ្លូវទៅកាន់អូតែលសុខា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បង្កឡើងដោយរថយន្ដម៉ាក ហាយលែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AI-2771 អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
សាក្សីដែលឃើញហេតុការណ៍ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ គេឃើញមនុស្សពីរនាក់ ជិះរថយន្ដហាយលែនឌ័រចេញពីម្ដុំ (អូរតែលសុខា) តាមបណ្ដោយផ្លូវទន្លេសាបក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏បានវ៉ាក់អើនឹងម៉ូតូ បណ្ដាលឲ្យអ្នកបើកបរបួងចង្កូតគេច មកខាងស្ដាំដៃក៏ជ្រុលចង្កូតឡើងលើចិញ្ចើមផ្លូវ ទៅបុករបងថ្មក្រោមស័ង្កសីលើរបស់ប្រជាពលរដ្ឋក្បែរនោះ បណ្ដាលឲ្យបាក់អស់មួយផ្ទាំងខូចខាតយ៉ាងដំណំ ចំណែករថយន្ដក្រឡាប់ផ្ងារមួយចំហៀងក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ក្នុងករណីនេះមិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។
ករណីទី២៖ កើតឡើងនៅវេលាម៉ោង០០៖៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចរង្វង់មូលនាងមច្ឆា តាមបណ្ដោយផ្លូវអូស៊ីអាយស៊ី(OCIC) ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ បង្កឡើងដោយរថយន្ដម៉ាក TOYOTA RAV4 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-5803 បើកបរដោយបុរសម្នាក់ មិនត្រូវបានស្គាល់នូវអត្តសញ្ញាណនោះទេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងថា គេឃើញរថយន្ដបង្កខាងលើ បើកបរទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលល្បឿនទៅបុកគែមរង្វង់មូលសួនច្បារ នាងមច្ឆាយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់បែកអស់មួយចំនួន។ ចំណែករថយន្ដបានក្រឡាប់ផ្ងារជើងឡើងលើ ហើយភ្លាមៗនោះ គេឃើញបុរសម្នាក់បានលូនចេញរពីថយន្ដ ទាំងស្ថានភាពស្រវឹងស្រា រីឯរថយន្តរងការខូចខាតយ៉ាងដំណំ តែក្នុងករណីនេះ ក៏មិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញ ផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ក៏បានចុះដល់កន្លែងកើតហេតុ ធ្វើការនាំខ្លួនអ្នកបើកបរជាមួយនឹងរថយន្ដទាំងពីរគ្រឿង យកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បី វាស់ជាតិអាកុល និងចាត់ការបន្តតាមជំនាញ ៕














ដោយ៖ បងម៉េង ខ្មែរណូត