រថយន្តសេ៊រីទំនើបNX200 បើកដេញបុកក្រុមក្មេងស្ទាវម្នាក់ បណ្ដាលឲ្យរងរបួស ក៏ជ្រុលចង្កូតទៅបុកទ្វារហាងកាហ្វេបាក់អស់ពីរផ្ទាំង ទៅមុខលែងរួច ហើយក្រុមក្មេងស្ទាវនាំគ្នាយកដុំថ្ម ដុំឥដ្ឋ វាយកម្ទេចរថយន្តតែម្ដង
រាជធានីភ្នំពេញ៖ រថយន្ត LEXUS NX200 បើកដេញបុកក្រុមក្មេងស្ទាវម្នាក់បណ្ដាលឲ្យដួល តាលប់តាលិនរងរបួស ហើយក៏ជ្រុលចង្កូតទៅបុកទ្វារហាងកាហ្វេ HAPPY CAFE-9 បាក់អស់២ផ្ទាំង ហេីយក្រុមក្មេងស្ទាវទាំងនោះ បាននាំគ្នាយកដុំថ្ម ដុំឥដ្ឋ និងដបស្រា គប់និងវាយកម្ទេចរថយន្តតែម្ដង ដោយមិនទាន់ដឹងថាជារឿងគំនុំ ឬជារឿងទំនាស់ពីក្នុងហាងផឹកស៊ីនោះទេ បង្កការផ្អើលដល់អ្នកជិតខាងស្រែកឃាត់ពីក្នុងផ្ទះ និង រាយការណ៍ប្រាប់សមត្ថកិច្ច ទើបក្រុមក្មេងស្ទាវទាំងនោះ ដើរចេញទៅបាត់អស់ទៅ បង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោង០១៖៣០នាទីយប់ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចហាងកាហ្វេយីហោ “សប្បាយចិត្ត៩-Happy Cafe9” ស្ថិតនៅក្រោយសាលា អង្គអេង ផ្លូវលេខ២៩២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS NX200 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-0988 បានបើកយ៉ាងលឿនតាមផ្លូវ១៤៣ ក្នុងទិសដៅពីលិចមកកើត (មិនដឹងថាបើករត់គេចពីអ្នកណា ឬបើកដេញតាមអ្នកណានោះទេ) បន្ទាប់មកក៏ឃើញមានក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ដេញតាមពីក្រោយ ដោយមិនទាន់ដឹងថាមានរឿងអ្វីគុំគួនគ្នា ឬជារឿងទំនាស់ពីក្នុងហាងផឹកស៊ីនោះទេ។ រហូតមកតាមផ្លូវ២៩២ ស្រាប់តែរថយន្តបួងចង្កូតបំបុកយុវជនម្នាក់ បណ្ដាលឲ្យដួល តាលប់តាលិនរងរបួស នៅផ្លូវបេតុង ជាប់របងសាលាអង្គអេង ចំណែករថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកទ្វារហាងកាហ្វេចំណុចកើតហេតុខាងលើពេញទំហឹង បណ្ដាលឲ្យបាក់អស់២ផ្ទាំង និងផ្ទុះកង់មុខខាងស្ដាំបើកទៅមុខមិនរួចថយក្រោយក៏មិនរួច ទើបក្រុមក្មេងស្ទាវដែលដេញតាមនោះ បានយកដុំឥដ្ឋដុំថ្ម និងដបស្រា គប់និងវាយទៅលើកញ្ចក់រថយន្តទាំងមុខទាំងក្រោយ និងវាយបំបែក កញ្ចក់កុងទ័រល្បឿនថែមទៀត បណ្តាលឲ្យបែកខ្ទេចខ្ទី បង្កការផ្អើលដល់អ្នកជិតខាងស្រែកឃាត់ពីក្នុងផ្ទះ និង រាយការណ៍ប្រាប់សមត្ថកិច្ច ទើបក្រុមក្មេងស្ទាវទាំងនោះ ដើរចេញទៅបាត់អស់ទៅ។ បន្ទាប់មកក៏ឃើញមានខាងកម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយកម្លាំងនគរបាលខណ្ឌបឹងកេងកង ចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យនិងតាមរកភាគីជនបង្កផងដែរ។
បើតាមសម្ដី ដែលក្រុមក្មេងស្ទាវដែលមកវាយ កម្ទេចរថយន្តនោះ បានស្រែកលឺៗថា ដំបូងឡើយរថយន្ត LEXUS NX200 នោះបានបើកដេញបុកពួកគេ រហូតមកដល់ចំណុចកើតហេតុ ក៏បួងចង្កូតទៅបុកយុវជនម្នាក់ដែលជាបងប្អូនរបស់ពួកគេមុន បណ្ដាលឲ្យរងរបួសដួលអូសជាច្រើនម៉ែត្រ ចំណែករថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកទ្វាហាងកាហ្វេបន្តទៀតតែម្ដង។
បច្ចុប្បន្នពេលសមត្ថកិច្ចចុះទៅដល់ ម្ចាស់រថយន្តមិនឃើញនៅកន្លែងកើតហេតុទេ ហើយដៃចង្កូតរថយន្ត មានប្រលាក់ឈាម សង្ស័យទៅមន្ទីរពេទ្យលាងរបួស ទើបសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង សហការជាមួយផ្នែកជំនាញចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែងរួចហៅរថយន្តស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកបំភ្លឺ និងដោះស្រាយដើម្បីបន្តធ្វើការតាមជំនាញ ៕












ដោយ៖ បងម៉េង ខ្មែរណូត