ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តត្បូងឃ្មុំ អំពាវនាវដល់អាជីវករលក់ដូរក្នុង និងក្រៅផ្សារសួងទាំងអស់ រួសរាន់ទៅយកសំណាករកមេរោគកូវីដ-១៩ អោយបានគ្រប់ៗគ្នា បើមានអ្នកគេចវេះមិនអោយចូលលក់ដូរទេ

    BY Khmernote Media July 9, 2021
    អាជ្ញាធរខេត្តត្បូងឃ្មុំ អំពាវនាវដល់អាជីវករលក់ដូរក្នុង និងក្រៅផ្សារសួងទាំងអស់ រួសរាន់ទៅយកសំណាករកមេរោគកូវីដ-១៩ អោយបានគ្រប់ៗគ្នា បើមានអ្នកគេចវេះមិនអោយចូលលក់ដូរទេ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង និងសូមអំពាវនាវដោយទទូចដល់បងប្អូនអាជីវករលក់ដូរក្នុង និងក្រៅផ្សារសួងទាំងអស់ ដែលមិនទាន់បានទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួន មេត្តារួសរាន់ទៅយកសំណាកឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានលិខិតបញ្ជាក់ពីការិយាល័យសុខាភិបាលស្រុកសួង បញ្ជាក់ថាបងប្អូនអាជីវករមិនមានឆ្លងជំងឺកូវីដ-១៩ (លទ្ធផលតេស្តអវិជ្ជមាន) ទុកបង្ហាញក្រុមការងារក្រុងត្រួតពិនិត្យ ទើបបងប្អូនអាចចូលលក់ដូរបាន នៅពេលបើកដំណើរការផ្សារសួងឡើងវិញ។

    ករណីបងប្អូនអាជីវករណាគេចវេសមិនព្រមទៅយកសំណាក ហើយគ្មានលិខិតបញ្ជាក់ធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ នោះក្រុមការងារក្រុង នឹងផ្អាកជាបណ្តោះអាសន្នមិនអនុញ្ញាតឲ្យចូលលក់ដូរវិញទេ ដោយត្រូវបំពេញកាតព្វកិច្ចយកសំណាកជាមុនសិន។ ក្រៅពីនេះ ក្រុងសួងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងចំនួន ១៤,៩៣៩នាក់ ស្មើ ៥៩,៧៥% នៃផែនការ ២៥,០០០នាក់។

    សូមបងប្អូនអាជីវករ និងប្រជាពលរដ្ឋក្រុងសួង ដែលមិនទាន់បានទៅចាក់វ៉ាក់សាំង មេត្តារួសរាន់ទៅចាក់ឲ្យបានឆាប់រហ័សទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាកាត់ផ្តាច់ខ្សែចម្លងក្នុងសហគមន៍យើងឲ្យបាន។ ជោគវាសនាក្រុងសួងយើងអាចរលាយកូវីដ-១៩ ឬបន្តឆ្លងរាតត្បាតពេញភូមិ គឺស្ថិតក្នុងកណ្តាប់ដៃបងប្អូនប្រជាពលរដ្ឋហើយ សូមជួយខ្លួនឯង និងក្រុមគ្រួសារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍ដោយម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ទើបផ្សារយើងមានឱកាសវិលទៅរកស្ថានភាពដើមវិញ “សូមមេត្តាចូលរួមទាំងអស់គ្នា ដោយផ្តើមចេញពីយើងម្នាក់ៗ ទើបអាចច្បាំងឈ្នះសត្រូវឥតស្រមោលកូវីដ-១៩ ឲ្យផុតរលត់ពីភូមិឋានយើងបាន” ៕

    ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ

    Share This Post: