អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងចុះផ្អាកអាជីវកម្មភោជនីយដ្ឋាន ៣ទីតាំង នៅតំបន់កោះពេជ្រជាបណ្ដោះអាសន្ន
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១ យោងសេចក្ដីសម្រេចលេខ ២០៩/២១ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងដោយបានការអនុញ្ញាតពីលោក ថេង សុថុល អភិបាលនៃគណៈ អភិបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន រួមជាមួយលោកចៅរងទី១សង្កាត់ទន្លេបាសាក់, និងកម្លាំងប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់ និងសន្ដិសុខទីក្រុងកោះពេជ្រ បានចុះផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ចំនួន ០៣ទីតាំង ស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតដល់មានការជូនដំណឹងជាថ្មី រួមមាន៖

១-ភោជនីយដ្ឋាន Troll
២-ភោជនីយដ្ឋាន រាជ រស្មី
៣-ភោជនីយដ្ឋាន ផាំ ឃីន ។
គួរជម្រាបដែរថា ក្នុងភោជនីយដ្ឋាន “ផាំ ឃីន – PK” ក្នុងទីក្រុងកោះពេជ្រនេះ កាលពីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ក៏មានភ្ញៀវ ២ក្រុមចូលផឹកស៊ីក្នុងហាង ម្ខាងធ្វើខួបកំណើត ម្ខាងផឹកស៊ីជួបជុំមិត្តភ័ក្ក ស្រាប់តែស្រវឹងរាងខ្លួន គ្រាន់តែមើលមុខគ្នា ក៏កើតជាការឌឺដងគ្នា រហូតផ្ទុះហិង្សាវាយគ្នាប្រាវ ម្ខាងទាញចាន ម្ខាងទាញកែវ គប់គ្នានិងវាយគ្នាទៅវិញទៅមក រត់ជាន់ជើងគ្នា ផ្អើលដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចេញអន្តរាគមន៍ភ្លាមៗ នាំភាគីទាំងសងខាង យកមកសួរផងដែរ។
បន្ទាប់ពីមានករណីហិង្សាក្រុមក្មេងស្ទាវវាយតប់ គប់គ្នាផ្អើលរួចមក ក្រុមការងាររដ្ឋបាលខណ្ឌចំការមន បានចុះណែនាំ និងផ្អាកអាជីវកម្មភោជនីយដ្ឋាន ផាំ ឃីន ជាបណ្ដោះអាសន្ន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ហាយ សិទ្ធី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ បានចុះត្រួតពិនិត្យទីតាំងភោជនីយដ្ឋាន ផាំ ឃីន ដែលមានទីតាំងស្ថិតនៅលើទីក្រុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអនុប្រធានការិយាល័យសេដ្ឋកិច្ចខណ្ឌ, ប្រធានភូមិ១៤ សង្កាត់ទន្លេបាសាក់, ប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់ និងម្ចាស់ភោជនីយដ្ឋាន។
ក្រុមការងារបានត្រួតពិនិត្យឃើញថា៖ ទីតាំងខាងលើ ពុំបានចូលរួមរក្សាគម្លាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ។ ទីតាំងខាងលើ ពុំមានលិខិតអនុញ្ញាតពីស្ថាប័ន្ថពាក់ព័ន្ធនោះទេ ដូចនេះក្រុមការងារបានសម្រេចផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន រងចាំរហូតដល់មានការជូនដំណឹងជាថ្មី និងត្រូវមានលិខិតអនុញ្ញាតពីសាប័ន្ថពាក់ព័ន្ធអោយបានត្រឹមត្រូវ ទើបអាចបើកដំណើរឡើងវិញបាន។
តែក្រោយមក៣ថ្ងៃ គេសង្កេតឃើញភោជនីយដ្ឋាន ផាំ ឃីន នៅតែបើកទទួលស្វាគមន៍ភ្ញៀវឡើងវិញដដែល រហូតមកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ទើបឃើញក្រុមការងាររដ្ឋបាលខណ្ឌចំការមន រួមជាមួយលោកចៅរងទី១សង្កាត់ទន្លេបាសាក់, និងកម្លាំងប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់ និងសន្ដិសុខទីក្រុងកោះពេជ្រ បានចុះផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយយោងសេចក្ដីសម្រេចលេខ ២០៩/២១ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ រហូតដល់មានការជូនដំណឹងជាថ្មី ៕













ដោយ៖ បងម៉េង ខ្មែរណូត