ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរចាប់ផ្តើមយកឈើខុសច្បាប់ ដែលរឹបអូសបាន មកធ្វើជាក្តារមឈូសបណ្តើរៗហើយ

    BY Khmernote Media July 11, 2021
    អាជ្ញាធរចាប់ផ្តើមយកឈើខុសច្បាប់ ដែលរឹបអូសបាន មកធ្វើជាក្តារមឈូសបណ្តើរៗហើយ

    រាជធានីភ្នំពេញ ៖ យោងតាមការបញ្ជាក់ពី ឯកឧត្តម នេត្រ ភក្ត្រា ជារដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានឲ្យដឹងថា “ដោយអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា «ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឱ្យពលរដ្ឋខ្មែរយើងស្លាប់ដោយអាណោចអាធ័មឡើយ» ក្រសួងបរិស្ថានបានយកឈើដែលរឹបអូសបានពីការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដើម្បីផលិតក្តារមឈូសផ្តល់ជូនអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់សម្រាប់តម្កល់សពអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិត។

    រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ចំនួន ៨៨១ នាក់ហើយបានស្លាប់បាត់បង់ជីវិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ បានផ្ទុះឡើងនៅកម្ពុជា។ សូមចូលរួមបញ្ឈប់ការចម្លងនិងកាត់បន្ថយអត្រានៃការស្លាប់ តាមរយៈអនុវត្តវិធានការ ៣ កុំ ៣ ការពារឱ្យបានខ្ជាប់ខ្ជួនបំផុត និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល!

    រូបភាពនេះ ខ្ញុំបានចុះពិនិត្យការផលិតក្តារមឈូសដោយក្រុមមន្ត្រីមន្ទីរបរិស្ថាខេត្តកំពតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ និងរូបភាពក្តារមឈូសដែលបានផលិតនៅតាមបណ្តាមន្ទីរបរិស្ថានខេត្តផ្សេងទៀតដែលមានឈើចាប់បានពីបទល្មើសធនធានធម្មជាតិ និងបានការអនុញ្ញាតឱ្យប្រើប្រាស់។

    បើខ្លាចកូវីដ១៩ សូមការពារខ្លួនអ្នក គ្រួសារអ្នកនិងសហគមន៍ពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ ៣ កុំ ៣ ការពារនិងគោរពតាមបទបញ្ជាទាំងឡាយរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល”៕

    Share This Post: