សម្តេចតេជោ បង្ហោះសារទាំងយប់ អោយពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ ក្រោយឃើញការប្រកួតមួយ អាជ្ញាកណ្តាលអោយលើកការប្រកួតទៅវិញ
ករណីដ៏រសើបមួយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកមកនិយាយទាំងយប់ ព្រោះតែទ្រាំមិនបានក្រោយឃើញករណីប្រកួតប្រដាល់មួយ ដែលវាយខុសក្បួនហើយអាជ្ញាកណ្តាលបែរជាមិនកាត់ក្តី ប្រកាសលទ្ធផលស្រាប់តែអោយលើកពេលទៅប្រកួតនៅពេលក្រោយទៅវិញ។

សម្តេចតេជោ បានរៀបរាប់នៅលើទំព័រ Facebook ថា៖ “ដោយអត់ទ្រាំមិនបានខ្ញុំសូម ចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។ តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់ បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយ ដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយ មិនទុកពេលឱ្យតវ៉ានោះទេ។ ខ្ញុំមិនបន្ទោសកីឡាករទេព្រោះពួកគាត់ស្តាប់ តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ អ្វីដែលខ្ញុំសុំគឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន៕”

