ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជនម្នាក់បើករថយន្ត CRV លឿនជ្រុលទៅបុ-កកម្មករប្រមូលសំរាម ឆក់យកជីវិតមនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់

    BY Khmernote Media July 12, 2021
    យុវជនម្នាក់បើករថយន្ត CRV លឿនជ្រុលទៅបុ-កកម្មករប្រមូលសំរាម ឆក់យកជីវិតមនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់

    រាជធានីភ្នំពេញ ៖ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន MIZUDA ២នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងតែប្រមូលសំរាមដាក់ចូលក្នុងរថយន្ត ស្រាប់តែមានរថយន្តCRV បើកបរដោយយុវជនម្នាក់ក្នុងល្បឿនលឿនបានជ្រុលមកបុកពេញទំហឹង កាលវេលាម៉ោង០២:៣០នាទីយប់រំលងអធ្រាត្រចូលថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចមុខផ្សារពោធិ៏ចិនតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះដែលស្លាប់ទី១ មានឈ្មោះ ប៉ែន ចាន់ អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ជនរងគ្រោះទី២.មានឈ្មោះ សាន់ ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង និងជនរងគ្រោះទី៣ដែលរងរបួសធ្ងន់មានឈ្មោះ ឌួង គង់ អាយុ៤០ឆ្នាំជាង មានស្រុកកំណើតនៅខេត្តព្រៃវែង អ្នកទាំងបីស្នាក់នៅបន្ទប់ជួលនៅបឹងតាម៉ាត និងមានមុខរបរជាអ្នកប្រមូលសំរាមឲ្យក្រុមហ៊ុន MIZUDA ។

    ចំណែកឯរថយន្តបង្កម៉ាក CRV ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-4634 បើកបរដោយយុវជនម្នាក់មានឈ្មោះ ណេត ណេហ្សា អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្រាំងអង្រ្កង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ក្រោយពីកើតហេតុសមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្តបង្ក ទុកប្រគល់ឲជំនាញចាត់ការទៅតាមនិតិវិធី។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យបានធ្វើតេស្តសំណាករួច ឃើញថា អវិជ្ជមានទើបប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: