កូវីដ-១៩

វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១,១០៥ ករណីបន្ថែមទៀត ធ្វើឱ្យចំនួនឆ្លងសម្រាប់ថ្ងៃនេះមានសរុប ១,៧៦៤ ករណី

BY
autoadmin
July 12, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១,១០៥ ករណី បន្ថែមទៀតនៅរសៀលនេះ ដែលនាំឱ្យចំនួនឆ្លងសរុបទាំងពេលព្រឹកនិងពេលរសៀល មានរហូតដល់ទៅ ១,៧៦៤ ករណី។ ករណីភាគច្រើនគឺត្រូវបានរកឃើញនៅទីក្រុងហូជីមិញ ដោយទីក្រុងនេះតែមួយរកឃើញករណីសរុបចំនួន ១,៤២៣ ករណី ហើយក្រៅពីនោះក៏មានករណីចំនួន ៨៩ មិនត្រូវបានស្គាល់ប្រភពច្បាស់លាស់ទេ។

ចាប់តាំងពីថ្ងៃទី២៧ ខែមេសា នៅពេលដែលរលកទី៤ បានចាប់ផ្តើមនៅក្នុងប្រទេសវៀតណាម ការឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ២៨,០៣៥ ករណី ត្រូវបានគេកត់ត្រាពីក្នុងទីក្រុងនិងខេត្តចំនួន ៥៨ ក្នុងចំណោមខេត្តនិងក្រុងសរុបទាំង ៦៣ របស់ប្រទេសនេះ។ ប៉ុន្តែការស្លាប់នៅមានកម្រិតទាបនៅឡើយ ពោលគឺដោយចាប់តាំងពីចុងខែមេសាតរៀងមក ការស្លាប់សរុបដោយសារជំងឺ COVID-19 នៅវៀតណាមមានតែ ៨៨ ករណីប៉ុណ្ណោះ។ ឥឡូវនេះក៏មានប្រជាជនប្រមាណ ៤លាននាក់ បានទៅចាក់វ៉ាក់សាំងបង្ការរួចហើយដែរ ខណៈមាន ២៧៧,៤៤៧ នាក់ បានចាក់វ៉ាក់សាំងទាំង ២ ដូស៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: