ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាចាត់វិធានការឲ្យក្រុមហ៊ុនបរទេសមួយ បញ្ឈប់​ជា​បន្ទាន់ការ​ប្រើប្រាស់​ឈ្មោះ​និង​រូប​ប្រាសាទអង្គរវត្ត​លើ​សំបក​វេច​ខ្ចប់​របស់​ខ្លួន លក់តាមទីផ្សារអនឡាញ

    BY Khmernote Media July 12, 2021
    កម្ពុជាចាត់វិធានការឲ្យក្រុមហ៊ុនបរទេសមួយ បញ្ឈប់​ជា​បន្ទាន់ការ​ប្រើប្រាស់​ឈ្មោះ​និង​រូប​ប្រាសាទអង្គរវត្ត​លើ​សំបក​វេច​ខ្ចប់​របស់​ខ្លួន លក់តាមទីផ្សារអនឡាញ

    យោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅ​ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​រួម​គ្នា​ពិនិត្យ​ឃើញ​ថា មាន​ផលិតផល​អង្ករ​បរទេស ប្រើ​ឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុង​ចរាចរ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត ដោយ​ពុំ​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា ។

    ការ​ខិតខំ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រសួង​ទាំង​ពីរ ក្រោម​កិច្ច​សហប្រតិបត្តិការ​យ៉ាង ជិត​ស្និទ្ធ​ជាមួយ​ភាគី​ថៃ បាន​រក​ឃើញ​ថា ម្ចាស់​ផលិត​អង្ករ​នេះ ជា​ក្រុមហ៊ុន​ឥណ្ឌា ឈ្មោះ Voyage India មា​នទី​តាំងនៅ​រដ្ឋ Maharashtra នៃ​ប្រទេស​ឥណ្ឌា ។

    ផ្អែក​លើ​លទ្ធផល​សហការ​ស្រាវជ្រាវ​នេះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សម្រេច​ឲ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា ចាត់វិធានការ​ជា​ប្រញាប់​តវ៉ា​ទៅ​ភាគី​ឥណ្ឌា ឲ្យ​ក្រុមហ៊ុន Voyage India បញ្ឈប់​ជា​បន្ទាន់ការ​ប្រើប្រាស់​ឈ្មោះ​និង​រូប​ប្រាសាទអង្គរវត្ត​លើ​សំបក​វេច​ខ្ចប់​របស់​ខ្លួន ព្រោះ​ទ​ង្វើ​នេះ​ប្រាសចាក​នឹង​ច្បាប់​ស្ដី​ពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ ព្រមទាំង​រំលោភ​លើ​អនុសញ្ញា​ទី​ក្រុងប៉ារីស​ស្ដី​ពី​កិច្ច​ការពារ​កម្មសិទ្ធិ​ឧស្សាហកម្ម​ថែម​ទៀត​ផង​។

    ជា​លទ្ធផល ក្រុមហ៊ុន​ឥណ្ឌា​នេះ​បាន​បញ្ឈប់​ការ​ប្រើប្រាស់​ឈ្មោះ និង​រូប​ប្រាសាទអង្គរវត្ត​លើ​សំបក​វេច​ខ្ចប់​របស់​ខ្លួន តាម​ការ​តវ៉ា​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា​ហើយ​៕

    Share This Post: