ចោរឆក់ដៃស្អិតសកម្មខាងឆក់កាបូប អស់លក្ខណ៍ត្រូវនគរបាលក្រុងតាខ្មៅ ដេញចាប់ឃាត់ខ្លួនបាន នៅពេលចេញឆក់កាបូបបានសម្រេចពីស្ត្រីម្នាក់កំពុងជិះម៉ូតូជាមួយប្ដីយកលុយទៅបង់ពន្ធ
ខេត្តកណ្តាល៖ ចោរឆក់ដៃស្អិតសកម្មខាងឆក់កាបូប អស់លក្ខណ៍ត្រូវនគរបាលក្រុងតាខ្មៅ ដេញចាប់ឃាត់ខ្លួនបាន នៅពេលចេញឆក់កាបូបបានសម្រេចពីស្ត្រីម្នាក់កំពុងជិះម៉ូតូជាមួយប្ដីយកលុយទៅបង់ពន្ធហើយជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ ស្រែកថាចោរៗ ទើបផ្អើលដល់ក្រុងតាខ្មៅ និងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនចេញជួយអន្តរាគមន៍ ជិះដេញតាមរហូតជិះបំបុកឲ្យដួល រួចតាមឃាត់ខ្លួនបានតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩៖៣០នាទីព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវ២០៦ (ត្រង់ចំណុចខាងកើតសាលាខេត្តកណ្ដាល) ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ស៊ន ស្រីនាង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន BIM ទីលំនៅផ្ទះលេខ៦៦ ផ្លូវលេខ១០ បុរីភពថ្មី២ភូមិ ព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ គឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន ម៉ូតូ១គ្រឿងម៉ាកន HONDA125 ពណ៌ខ្មៅសេរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1IS-3509 (របស់ជនសង្ស័យជិះធ្វើសកម្មភាព)។ កាបូបយួរដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនរងគ្រោះ)។ កាបូបដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនរងគ្រោះ)។ ទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាក iPhone XS-Max ពណ៌មាស និងម៉ាក MEITU ពណ៌សលាយផ្កាឈូក)របស់ជនរងគ្រោះ។
តាមសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានឲ្យអ្នកយកព័ត៌មានខ្មែរណូតដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូពីរនាក់ប្តីប្រពន្ធ យកលុយទៅបង់ពន្ធ ដោយប្តីជាអ្នកឌុបតាមផ្លូវលេខ២០៦ ឆ្ពោះទៅកន្លែងធ្វើការនៅភ្នំពេញ មកដល់ត្រង់ចំណុចកើតហេតុ(ជិតសាលាខេត្តកណ្ដាល) ស្រាប់តែជនសង្ស័យខាងលើជិះម៉ូតូ១គ្រឿង មកពីក្រោយដល់ទន្ទឹមគ្នា រួចធ្វើសកម្មភាពឆក់កាបូបយួរដៃរបស់ជនរងគ្រោះកាន់ដាក់លើភ្លៅ រួចជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ ស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋ ទើបកម្លាំងសមត្ថកិច្ចចម្រុះមានកម្លាំងប៉ុស្តិ៍ដើមមៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានជួយអន្តរាគមន៍ដេញតាម និងស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។
សូមបញ្ជាក់ថាជនសង្ស័យខាងលើ មានដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល លេខ២៩៦ដកបចខ ចេញដោយចៅក្រមស៊ើបសួរ ជួន វណ្ណ: ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ពីបទ លួច មានស្ថានទម្ងន់ទោស ប្រព្រឹត្តភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ២៣ ខែមីនា ឆ្នាំ២០២០នេះ ៕













ដោយ៖ បងម៉េង ខ្មែរណូត