ចោរឆក់កាបូបនារីម្នាក់បានសម្រេចទាំងព្រឹក បណ្ដាលអោយរងរបួសបាក់ដងកាំ-បិតខាងឆ្វេង នៅលើស្ពានអាកាសផ្សារដីហុយ
រាជធានីភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូតែម្នាក់ទៅធ្វើការ ខណៈពេលជិះឡើងស្ពានអាកាសផ្សារដីហុយ ស្រាប់តែត្រូវជនសង្ស័យជិះម៉ូតូមកពីក្រោយធ្វើសកម្មភាព ឆក់យកកាបូបស្ពាយបានសម្រេច គេចខ្លួនទៅដោយសុវត្ថិភាព ស្ថិតនៅលើស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៦៖១៥នាទីព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។

សម្ភារក្នុងកាបូបដែលចោរឆក់យកទៅបាត់មានដូចជា ទូរស័ព្ទមួយគ្រឿង ម៉ាកអាយហ្វូន(iPhone 11Pro) និងលុយខ្មែរចំនួន ៨ម៉ឺនរៀល និងលុយដុល្លារចំនួន ៣០ដុល្លារ។ ជនរងគ្រោះមានឈ្មោះ អ៊ុក ស្រីស្រស់ អាយុ២៧ឆ្នាំ មុខរបរកម្មការីរោងចក្រ បានរងគ្រោះបាក់ដងកាំបិតខាងឆ្វេង ជិះម៉ូតូម៉ាក ហុងដាឃ្លីក (Honda Click) ពណ៌ក្រហម ពាក់ស្លាកលែខភ្នំពេញ 1HK-4582 ។
បើតាមសម្ដីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ឡើងស្ពានអាកាសផ្សារដីហុយ ខណៈមកដល់ជិតវិទ្យាល័យបុរី១០០ខ្នង ស្រាប់តែមានជនសង្ស័យមិនចាំភិនភាគនិងមិនដឹងប៉ុន្មាននាក់នោះទេ សូម្បីតែជិះម៉ូតូម៉ាកអ្វីក៏មិនដឹងដែរ ព្រោះនារីរងគ្រោះកំពុងតក់ស្លុតរៀបរាប់មិនទាន់បាន។ បានធ្វើសកម្មភាពឆក់កាបូបរបស់នាងដែលស្ពាយចំហៀង បណ្ដាលឲ្យនារីរងគ្រោះដួលម៉ូតូនៅលើស្ពាន រងរបួសបាក់ដងកាំបិតខាងឆ្វេង។ ដោយឡែកជនសង្ស័យវិញ ឃើញគាត់ដួលហើយក៏បន្ថែម ល្បឿនម៉ូតូបើករត់គេចខ្លួនបាត់តែម្តង ដោយយកកាបូបលុយរបស់នារីរងគ្រោះទៅជាមួយផងដែរ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគិលានសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកឯម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការប៉ុស្តិ៍ និងបានត្រឹមតែរាយការណ៍តាមជំនាញទៅថ្នាក់លើប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថាសព្វ ថ្ងៃនេះប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមម៉ូតូក៏ដូចជា យានយន្តមួយចំនួន រួមទាំងកង់បីឥណ្ឌា ហាក់មានអារម្មណ៍ភ័យខ្លាចចំពោះចោរឆក់តាមផ្លូវជាងគ្រោះថ្នាក់ចរាចរណ៍ទៅទៀតគឺមានអារម្មណ៍ ភ្ញាក់ៗ នៅពេលមាននរណាម្នាក់ជិះមកក្បែរខ្លួន។ ដូច្នេះហើយមេត្តាប្រុងប្រយ័ត្នគ្រប់ពេលវេលា ព្រោះបើយើង មានការធ្វេសប្រហែសតែបន្តិច ជនឆ្លៀតឱកាស អាចនឹងចាំលួចយករបស់ទ្រព្យមានតម្លៃរបស់យើងបានគ្រប់ពេល ៕







ដោយ៖ បងម៉េង ខ្មែរណូត