ប្ដីជូនប្រពន្ធត្រលប់មកពីពិនិត្យផ្ទៃពោះវិញ បើករថយន្តឈប់ចុះទិញធុរេនមិនបានពន្លត់ម៉ាស៊ីន ស្រាប់តែជនសង្ស័យជិះកង់មានគ្នាពីរនាក់ បើកទ្វារលួចយកកាបូបរួចជិះគេចខ្លួនបាត់៥ម៉ោង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានម្នាក់
រាជធានីភ្នំពេញ៖ ប្ដីជូនប្រពន្ធត្រលប់មកពីពិនិត្យផ្ទៃពោះវិញ បានបើក LEXUS RX330 មកឈប់ចុះទិញធុរេន មិនបានពន្លត់ម៉ាស៊ីន ហើយចុះទៅរើសធុរេន ស្រាប់តែជនសង្ស័យ២នាក់ ជិះកង់ឌុបគ្នា មកធ្វើសកម្មភាព បើកទ្វាររថយន្ត លួចយកកាបូបរបស់ប្រពន្ធ ហើយជិះឌុបគ្នារត់គេចខ្លួនបាត់៥ម៉ោង ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងប៉ុស្តិ៍ច្បារអំពៅទី១ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាតាមចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតបានរត់បាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត១រសៀល ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចស្ថានីយប្រេងឥន្ទនៈកាល់តិច ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ស៊ុន សុគន្ធា អាយុ ៤០ឆ្នាំជាង មុខរបរមេផ្ទះ (មានផ្ទៃពោះ៦ខែ) និងបុរសជាប្ដីមានឈ្មោះ ជា សុជាតិ អាយុ៤៥ឆ្នាំ មុខរបរកសិករ ប្ដីប្រពន្ធទាំងពីរនាក់មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ក្នុងកាបូបមាន៖ ខ្សែកមាស ១ខ្សែ មានបណ្តោងរូបផ្កា ទម្ងន់២តម្លឹង, ខ្សែកប្លាទីន ១ខ្សែ មានបណ្តោងរួបមាន់ ទម្ងន់ ១តម្លឹង, លុយខ្មែរ ១,៣៥០,០០០រៀល, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០១សន្លឹក (ឈ្មោះស៊ុន សុគន្ធា) និងទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Samsung Note-៨ ពណ៌ខ្មៅ លេខស៊ីម ០៧០ ៦៦១៦១៦ ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ហែម សុងហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកឯបក្ខពួកម្នាក់ទៀតឈ្មោះ រុក ភេទប្រុស អាយុប្រហែល២០ឆ្នាំ មុខរបរមិនពិតប្រាកដ បានរត់គេចខ្លួនបាត់ស្រមោល។
បើតាមសម្ដីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា នៅមុនពេលកើតហេតុ រូបគាត់មានផ្ទៃពោះ៦ខែហើយ ត្រូវបានប្ដីបើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ិស LEXUS RX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AH-4945 ដឹករូបគាត់ទៅពិនិត្យផ្ទៃពោះ នៅគ្លីនិក សម្ភពក្បាលថ្នល់ បន្ទាប់ពេទ្យពិនិត្យរួចហើយ ក៏បានធ្វើដំណើរត្រលប់មកវិញ មកដល់ចំណុចស្ថានីយប្រេងឥន្ទនៈកាល់តិច ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ មកឈប់ចុះទិញធុរេន មិនបានពន្លត់ម៉ាស៊ីនឡើង ហើយខណៈពេលកំពុងរើសធុរេន ស្រាប់តែមានជនសង្ស័យ២នាក់ ជិះកង់មួយគ្រឿងឌុបគ្នា មកធ្វើសកម្មភាព បើកទ្វាររថយន្ត ចំហៀងខាងឆ្វេង លួចយកកាបូបរបស់គាត់ ហើយជិះឌុបគ្នារត់គេចខ្លួន ភ្លាមៗនោះក៏មានអ្នកធ្វើការនៅក្បែរនោះស្រាប់ប្រាប់គាត់ដែរ ទើបប្ដីរបស់គាត់ឡើងបើករថយន្តដេញតាម តែដោយសារតែជនសង្ស័យ នាំគ្នាបត់ចូលផ្លូវលំហើយគេចខ្លួនបាត់ស្រមោលតែម្ដង។ ក្រោយមកជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធបានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ច្បារអំពៅទី១ ដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវភ្លាមៗផងដែរ។
ក្រោយទទួលបានព័ត៌មានថា មានករណីនេះភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌច្បារអំពៅ ដឹកនាំដោយលោក វរសេនីយ៍ទោ វុធ ផូសារវ័ន្ត អធិការរងជំនាញព្រហ្មទណ្ឌ សហការជាមួយ កម្លាំងប៉ុស្តិ៍ច្បារអំពៅទី១ លោកវរសេនីយ៍ត្រី ហ៊ុន សុផល នាយប៉ុស្តិ៍នគរបាលច្បារអំពៅទី១ បានចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា នៅវេលាម៉ោង១៧៖៣០នាទីថ្ងៃដដែល តាមឃាត់ខ្លួនជនសង្ស័យម្នាក់(ដែលជាអ្នកធ្វើសកម្មភាព) នៅចំណុចក្នុងបរិវេណវត្តច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយដកហូតវត្ថុតាងមួយចំនួនរួមមាន (ខ្សែកចំនួន២ខ្សែ ១.ខ្សែកមាស ទម្ងន់២ដំឡឹង(តម្លៃជាង៥ពាន់ដុល្លារ ), ខ្សែកផ្លាទីន (តម្លៃប្រហែល៨០ម៉ឺនរៀល) និងកង់ដែលជិះធ្វើសកម្មភាពចំនួនមួយគ្រឿង។ សម្ភារបាត់បង់ ទូរស័ព្ទ ដៃ ម៉ាកសាំស៊ុង (Sumsung Note8) និងលុយខ្មែរចំនួន ជាង១លានរៀល ។ រួចបញ្ជូនទៅធ្វើការសាកសួរភ្លាមៗ នៅស្នាក់ការប៉ុស្តិ៍ ច្បារអំពៅទី១ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព បើកទ្វាររថយន្តលួចយកកាបូបស្ពាយរបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់ ៕














ដោយ៖ បងម៉េង ខ្មែរណូត