កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ចុះធ្វើការផ្អាកអាជីវកម្មយីហោ “MOB” ជាបណ្ដោះអាសន្ន ក្រោយរកឃើញថា មានការផឹកស៊ីជួបជុំគ្នាច្រើន មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល
រាជធានីភ្នំពេញ៖ ទីតាំងហាងមួយកន្លែងយីហោ “MOB” ដែលមានទីតាំងស្ថិតនៅលើផ្លូវ២១៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវបានកម្លាំងចម្រុះគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ចុះធ្វើការផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញថា មានការផឹកស៊ីជួបជុំគ្នាច្រើន មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ឡើយ។

ការចុះផ្អាកទីតាំងហាងខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ដោយគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានសម្រេចធ្វើកិច្ចសន្យាផ្អាកអាជីវកម្មហាង “MOB” ជា បណ្ដោះអាសន្នតែពុំបានឃាត់ខ្លួន នរណាម្នាក់ឡើយ ដោយសារម្ចាស់ហាង បានសហការជាមួយសមត្ថកិច្ច។
អភិបាលរងខណ្ឌដូនពេញ បញ្ជាក់ថា នៅពេលក្រុមការងារ គណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ចុះមកដល់និងបានពិនិត្យឃើញថា ហាងនេះ មានការជួបជុំគ្នាច្រើន ដើម្បីផឹកស៊ីដោយមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ឡើយ ដោយបានពិនិត្យឃើញ ដូចនេះក្រុមការងារក៏បានធ្វើកំណត់ហេតុសម្រេចផ្អាកអាជីវកម្ម ជាបណ្ដោះអាសន្នរង់ចាំរហូតដល់មានការជូនដំណឹងជាថ្មីនៅពេល ដែលមានគោលការណ៍អនុញ្ញាតឱ្យឡើង វិញចំពោះអាជីវកម្មដែល បាន កំណត់នោះម្ចាស់ហាងត្រូវសុំសិទ្ធពីអាជ្ញាធរសិន ទើបអាចបើកដំណើរឡើងវិញបាន។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖ សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែល ធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ, អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូ បៀហ្គាឌិន និងកាស៊ីណូ, រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា, អាជីវកម្មម៉ាស្សា, រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ។
ក្រៅពីសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀតទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕










ដោយ៖ បងម៉េង ខ្មែរណូត