រដ្ឋបាលខេត្តសៀមរាប សម្រេចយកវិទ្យាល័យ ១០មករា ១៩៧៩ បន្ថែមទៀតសម្រាប់ជាកន្លែងព្យាបាលអ្នកជំងឺវិជ្ជមានកូវីដ-១៩ ខណ:ការឆ្លងជំងឺនេះ នៅមានចំនួនច្រើនជារៀងរាល់ថ្ងៃ !
សៀមរាប៖ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍ថា រដ្ឋបាលខេត្ត បាន សម្រេចយកវិទ្យាល័យ ១០មករា ១៩៧៩ ជាកន្លែងទី៤ នៅក្នុងក្រុងសៀមរាប សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីក្នុងអំឡុងខែមិថុនា បានយកវិទ្យាល័យអង្គរ ធ្វើជាកន្លែងទី៣ សម្រាប់ព្យាបាលអ្នកជំងឺកម្រិតស្រាល ខណ: នៅមន្ទីរពេទ្យបង្អែកខេត្ត និង សាលាគរុសល្យ និងវិក្រឹតការខេត្ត ដែល បាននឹងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មិនមានគ្រែគ្រប់គ្រាន់សម្រាប់ដាក់អ្នកជំងឺ ។

លោកវេជ្ជបណ្ឌិត មានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីបច្ចុប្បន្នភាព សៀមរាបអង្គរ របស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។
លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ បានបន្តទៀតថា ដោយស្ថានភាព នៃអ្នកជំងឺកូវីដ-១៩ ជាពិសេសក្នុងក្រុងសៀមរាប មានការឆ្លងជំងឺនេះ នៅមានចំនួនច្រើននៅឡើយ ដែលជាហេតុធ្វើឲ្យខ្វះខាតគ្រែក្នុងការព្យាបាល។ ម្យ៉ាងទៀត ដោយសង្គេតឃើញប្រជាពលរដ្ឋ ដែលមកពីក្រៅប្រទេស ដែលបានរកឃើញវិជ្ជមានកូវី-១៩ ជាបន្តបន្ទាប់ប្រមាណ៥០% នៃចំនួនប្រជាពលរដ្ឋចំណាកស្រុក ហេតុនេះ រដ្ឋបាលខេត្តក៏បានរៀបចំបន្ទប់មួយ ឲ្យ ប្រជាពលរដ្ឋជាអ្នកចំណាកស្រុក សម្រាកព្យាបាលផងដែរ ។
សូមបញ្ជាក់ថា ក្រៅពីក្រុងសៀមរាប នៅមានបណ្ដាស្រុកមួយចំនួន បាននឹងត្រៀមកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ ជាក់ស្ដែងក្នុងស្រុកសូទ្រនិគម យកវិទ្យាល័យដំដែកដែលមានប្រមាណ ១០០គ្រែ, ខណ:ស្រុកដទៃទៀតដូចជា ស្រុកពួក, ស្រុកក្រឡាញ់ និង ស្រុកអង្គរជុំ ក៏បានត្រៀមគ្រែសម្រាប់ព្យាបាលប្រមាណ ២០គ្រែ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ទៀតដែរ ។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានចេញលិខិតផ្លូវការមួយដល់បណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីចូលរួមសហការណ៍ជាមួយរដ្ឋបាលខេត្ត ក្នុងការចាត់បញ្ជូនមន្ត្រី ដើម្បីចូលរួមប្រចាំការ នៅមណ្ឌលព្យាបាលវិទ្យាល័យ ១០មករា១៩៧៩ ជាកន្លែង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ។
សូមរំឮកថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: គិតមកទល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២,៧១១នាក់, បានព្យាបាលជាសះស្បើយចំនួន ១,០៦0នាក់, ស្លាប់ចំនួន ២៦នាក់ និង ចំនួន១,៦២៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល
