កើនឡើងរាល់ថ្ងៃ! ប្រទេសវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១,៤៣៨ ករណី សម្រាប់តួលេខត្រឹមតែពេលព្រឹក
ប្រទេសវៀតណាមនៅតែបន្ដប្រឈមនឹងថ្ងៃអាក្រក់របស់ខ្លួន ជាមួយនឹងករណីថ្មីចំនួន ១,៤៣៨ ករណី ដែលត្រូវបានកត់ត្រាសម្រាប់របាយការណ៍ពេលព្រឹកព្រលឹម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីថ្មីៗសម្រាប់ព្រឹកនេះ មានករណីចំនួន ១,០៧១ ត្រូវបានរកឃើញក្នុងទីក្រុងហូជីមិញ បូករួមករណីចំនួន ៩៤០ ដែលចេញពីកន្លែងធ្វើចត្តាឡីស័ក និងករណីចំនួន ១៣១ ផ្សេងទៀត មិនទាន់រកប្រភពឃើញនៅឡើយ។

ចាប់តាំងពីមានរលកទី៤ ដែលជាបញ្ហាប្រឈមបំផុតដែលវៀតណាមបានជួបប្រទះ ប្រទេសនេះបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ៣៨,៦៧៥ ករណី នៅក្នុងទីក្រុងនិងខេត្ត ៥៨ របស់ខ្លួន។ ទីក្រុងហូជីមិញកំពុងនាំមុខគេជាមួយនឹងការឆ្លងថ្មីៗ ដោយមានការឆ្លងសរុបទាំងអស់ ២២,៥៦៤ នាក់ ហើយក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងនេះគួររំពឹងថានឹងមានករណីខ្ពស់ជាងនេះទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែកឯតួលេខចាក់វ៉ាក់សាំងវិញ ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងឱ្យពលរដ្ឋបាន ៤.១៨ លាននាក់ហើយ ខណៈមានពលរដ្ឋចំនួន ២៩៤,៦៧៦ បានទទួលបានទាំង ២ លើក៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress