ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ រៀបចំកែលម្អសួនច្បារនៅមុខ ក្រសួងការពារជាតិ

    BY Khmernote Media July 16, 2021
    រដ្ឋបាលរាជធានីភ្នំពេញ រៀបចំកែលម្អសួនច្បារនៅមុខ ក្រសួងការពារជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គម្រោងនៃការកែលម្អ សួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មីពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពគាស់ការ៉ូឡា និងគាស់ដើមឈើចេញ ដើម្បីកែលម្អសួនមួយនេះឱ្យបានស្រស់ស្អាតពីទិសខាងលិច រហូតដល់មុខអគារក្រសួងការពារជាតិ ជាមួយនឹងការបើកផ្លូវចេញចូលក្រសួងនេះឱ្យបានធំទូលាយជាងមុន។

    លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និង រុក្ខជាតិនៃមន្ទីរសាធារណការនិង ដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៥កក្កដាថា នៅពេលនេះបើទោះបីស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈក្តី ប៉ុន្តែក្រុមការងារនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពគាស់ការ៉ូឡានិងគាស់ដើមឈើចេញដើម្បីកែលម្អសួនច្បារឱ្យបានស្រស់ស្អាតពីខាងទិសខាងលិចមករហូតដល់មុខអគារទីស្តីការក្រសួងការពារជាតិថ្មីជាមួយនិងការកាត់សួនច្បារចាស់ចេញប្រវែង៤៥ ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលអគារទីស្តីការក្រសួងការពារជាតិនេះផងដែរ។

    ការកែលម្អសួនច្បារមួយនេះ ធ្វើឡើង ដើម្បីត្រៀមបើកសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិ ថ្មីដែលគ្រោង និង បើកសម្ពោធនៅពេលខាងមុខនេះ។ បើតាមគម្រោងកន្លងមក គឺពិធីសម្ពោធនិងធ្វើឡើងក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានិងអនុម័តលើគម្រោង កែលម្អសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានានៅមុខក្រសួងការពារជាតិនេះត្រូវបានធ្វើឡើងជាច្រើនលើកហើយនៅសាលារាជធានីភ្នំពេញ ជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងរបស់ក្រសួងការពារជាតិ។

    បើតាមគម្រោងនេះមានមួយផ្នែកត្រូវប្រើប្រាស់ថវិការបស់ក្រសួងការពារជាតិដូចជាការដាក់លូថ្មីទំហំ១ម៉ែត្រ និងការអ៊ុតកៅស៊ូលើទំហំផ្លូវចូលក្រសួងរហូតដល់៤៥ ម៉ែត្រជាដើម។ ចំណែករដ្ឋបាលរាជធានីភ្នំពេញមានការងារច្រើនដែលត្រូវអនុវត្តផងដែរ ដូចជាការកែលម្អសួនច្បារ ដាក់បង្គោលភ្លើង៦៦ដើម ជាមួយនឹងការដាក់លូការស្ដារលូពីក្រោយនិងនៅមុខ ក្រសួងការពារជាតិ។តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះនឹងត្រូវកាត់សួនចាស់ចេញរហូតដល់ ប្រវែង៤៥ម៉ែត្រដើម្បីរៀបជាផ្លូវចេញចូល មុខក្រសួងហើយសួនថ្មីនេះនឹងរៀបជាថ្មក្រានីតដាំស្មៅបំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួលជាមួយនឹងទីតាំងធំទូលាយជាងមុន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: