លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា យើងកំពុងតែប្រឈមទៅនឹងការដើរហួសបន្ទាត់ក្រហមហើយ
យោងតាមការបញ្ជាក់របស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រខ័ណ្ឌទូទាំងប្រទេស តាមប្រព័ន្ធតេឡេក្រាម បានឲ្យដឹងថា “ខ្ញុំសុំអំពាវនាវ យើងកំពុងតែប្រឈមទៅនឹងការដើរហួសបន្ទាត់ក្រហម ប្រសិនបើបុគ្គល និងគ្រួសារ នៅតែមិនយកចិត្តទុកដាក់ ទទួលខុសត្រូវរៀងៗខ្លួនក្នុងការការពារទេនោះ។ ខ្ញុំបានលើកឡើងនូវការបារម្ភ និងសុំឱ្យបងប្អូនយើងងាកមករកការការពាររៀងៗខ្លួនឱ្យបានហ្មត់ចត់ឡើងវិញ កុំបន្ធូរបន្ថយឱ្យសោះបើយើងមិនចង់ឃើញសោកនាដកម្មសុខភាពសាធារណ: ដែលវាអាចនឹងទៅហួសបន្ទាត់ក្រហមនោះទេ។

រឿងវីរុសដែលតានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត័មានរួចហើយ។ អ្វីដែលសំខាន់នាពេលនេះ ទោះជាដែលតា ឫអាល់ហ្វា យើងត្រូវតែរួមគ្នាការពារ ព្រោះបច្ចុប្បន្ននេះ អាល់ហ្វាក៏កំពុងតែចរាចរខ្លាំងក្លា ទៅសឹងគ្រប់ខេត្ត-ទីក្រុងហើយ រីឯអ្នកស្លាប់ក៏មានជារៀងរាល់ថ្ងៃ។ ហេតុអ្វីយើងគិតតែពីដែលតា ហើយខ្វះការប្រុងប្រយ័ត្នបច្ចុប្បន្ននេះសម្រាប់កាត់ផ្តាច់ចរាចរអាល់ហ្វា ឫវីរុសកូវីដ-១៩ ជារួម ទោះជាប្រភេទអ្វីក៏ដោយ ក៏យើងនៅតែមានផលប៉ះពាល់គ្រាន់តែតិច និងច្រើន។ ដូច្នេះ ការការពារកុំឱ្យឆ្លង ឬបើឆ្លងហើយត្រូវការពារកុំឱ្យឆ្លងបន្តទៅក្រុមគ្រួសារ និងអ្នកដទៃ ជាការចាំបាច់បំផុតក្នុងពេលនេះ។ ត្រូវភ្ញាក់រលឹកឡើង បុគ្គលម្នាក់ៗ ត្រូវរួមគ្នាទទួលខុសត្រូវក្នុងការការពារការចម្លងវីរុសកូវីដ-១៩ ទោះជាប្រភេទណាក៏ដោយ ដើម្បីសុខភាពខ្លួន សុខភាពគ្រួសារ និងសហគមន៍មានសុវត្ថិភាព។ សូមអរគុណ”៕
