ព័ត៌មានជាតិ
ផ្ទុះកូវីដនៅវត្តទួលទំពូង រកឃើញព្រះសង្ឃ និងឧបាសកចំនួន ៤៣អង្គ/នាក់ វិជ្ជមានកូវីដ
BY Khmernote Media
July 19, 2021
យោងតាមការបញ្ជាក់របស់ អភិបាលខណ្ឌចំការមន ទៅកាន់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មានព្រះសង្ឃ និងឧបាសកចំនួន ៤៣អង្គ/នាក់ ក្នុងចំណោមអ្នកបានតេស្តសំណាក ១១៣អង្គ/នាក់ នៅវត្តទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ១៩។

ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង៤៣អង្គ/នាក់នៅវត្តទួលទំពូងនោះ គឺមានព្រះសង្ឃចំនួន២០អង្គ និងឧបាសកចំនួន២៣នាក់។ បច្ចុប្បន្នព្រះសង្ឃ និងឧបាសកទាំង ៤៣អង្គ/នាក់កំពុងគង់ និងសម្រាកព្យាបាលមណ្ឌលព្យាបាលទួលពង្រ ចំណែកអ្នកពាក់ព័ន្ធទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័កនៅក្នុងវត្តទួលទំពូង ហើយវត្តក៏ធ្វើការបិទខ្ទប់មិនអោយមានការចេញ-ចូលផងដែរ ៕
