ឃាត់ខ្លួនប្រុសស្រី០៣នាក់ ក្រោយពីមានការប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងប៉ាស់បំពងសំលេងបង្កភាពអនាធិបតេយ្យ
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នាវេលាម៉ោង២១ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានការប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងប៉ាស់បំពងសំលេងបង្កភាពអនាធិបតេយ្យ ល្មើសនឹងបម្រាមរាជរដ្ឋាភិបាល និងវិធានសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាអោយវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងបាស់ បំពងសំលេង បង្កភាពអនាធិបតេយ្យនេះ ។

ជាលទ្ធផលសមត្ថកិច្ច បង្រ្កាបឃាត់ខ្លួនបានមុខសញ្ញា ០៣នាក់ តាមការឯកភាពពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងមួយចំនួនទៀតត្រូវបានរត់គេចខ្លួន ។
មន្ត្រីនគរបាលបានឲ្យដឹងថា ៖ ជនសង្ស័យទាំង៣នាក់រួមមាន ៖ ១. ឈ្មោះ ឡេង ធាវុធ ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរ មេការបន្ទប់ជួល ។ ២. ឈ្មោះ អាត សំអូន ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរនៅផ្ទះ ។ ៣. ឈ្មោះ ប្រុស ស្រីនា ហៅ ស្រីថៃ ភេទស្រី អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរនៅផ្ទះ ។
វត្ថុតាងរួមមាន ៖ ១- ធុងទឹកកកចំនួន០២ធុង ។ ២- ស្រាបៀរមិនទាន់គាស់ចំនួន ២៤កំប៉ុង ។ ៣- ចាន កែវ និងកំប៉ុងស្រាបៀរមួយចំនួនធំ ។ ៤- ធុងប៉ាស់ ចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួនបញ្ចូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ