កូវីដ-១៩

ព្រឹកនេះ ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ២,៩៦៥ ករណី ដែលនាំឱ្យការឆ្លងក្នុងរលកចុងក្រោយមានដល់ ៦៧,៤២២ ករណី

BY
autoadmin
July 22, 2021

ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ នេះបានប្រកាសពីករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ២,៩៦៥ ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងរលកចុងក្រោយនេះកើនដល់ ៦៧,៤២២ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ក្នុងចំណោមតួលេខថ្មីៗសម្រាប់ព្រឹកនេះ មានករណីចំនួន ២,៤៣៣ ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ ខណៈដែលខេត្តជិតខាងចំនួន ២ គឺខេត្តឡុងអាន មានចំនួន ២៣៣ ករណី និងប៊ិញដុង មានចំនួន ៦៤ ករណី។

ក្នុងចំណោមករណីថ្មីៗទាំងអស់មានករណីចំនួន ២,៧៨៤ ករណី ត្រូវបានកត់ត្រាពីកន្លែងធ្វើចត្តាឡីស័ក ឬតំបន់បិទខ្ទប់ ហើយទីក្រុងហូជីមិញនៅតែមានអ្នកឆ្លងថ្មីច្រើនជាងគេ។ ជម្រាបផងដែរថា ចាប់តាំងពីរលកទី០៤ បានចាប់ផ្តើមនៅថ្ងៃទី២៧ ខែមេសា ការឆ្លងជំងឺ COVID-19 ក្នុងសហគមន៍របស់ប្រទេសវៀតណាម ត្រូវបានកត់ត្រាចេញពីទីក្រុងនិងខេត្តចំនួន ៦១ ហើយមានតែខេត្ត Cao Bang និង Lai Chau ប៉ុណ្ណោះ ដែលមិនទាន់មានករណីឆ្លងនៅទីនោះ។ ចាប់តាំងពីប្រទេសវៀតណាមមានវត្តមាននៃជំងឺ COVID-19 ប្រទេសនេះមានករណីឆ្លងសរុប ៧១,១៤៤ ករណី ដែលរួមមានការឆ្លងសហគមន៍ចំនួន ៦៩,០៤៣ ករណី និងករណីនាំចូលចំនួន ២,១០១ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: