អគ្គិភ័យឆាបឆេះទូកដឹកបន្លែរបស់ប្រជាពលរដ្ឋ កំពុងបើកបរក្នុងសមុទ្រកោះរ៉ុង បណ្ដាលអោយមានអ្នកបាត់បង់ជីវិតម្នាក់ និងរងរបួសធ្ងន់ស្រាល៦នាក់
ខេត្តព្រះសីហនុ៖ សមត្ថកិច្ច បានឲ្យដឹងថា ទូកមួយគ្រឿងបានឆាបឆេះជាអគ្គិភ័យពេលកំពុងបើកបរក្នុងសមុទ្រ កោះរ៉ុង វេលាម៉ោង១០កន្លះព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចចន្លោះផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ទូកដែលឆេះនេះជាទូកដឹកបន្លែទំហំទទឹង៣.៤ម៉ែត្របណ្តោយ ១៣ម៉ែត្រ ម៉ាស៊ីន១៣០សេស ម្ចាស់ទូកឈ្មោះ រត្ន័ ឧត្តម ភេទប្រុស អាយុ២៦ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

យោងតាមការបំភ្លឺប្រាប់សមត្ថកិច្ចពីអ្នកបើកបរទូក ឲ្យដឹងថានៅលើទូកមានមនុស្សចំនួន១១នាក់ ស្រី០៥នាក់ មានទាំងមនុស្សចាស់និងក្មេងតូចផង បានចេញដំណើពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ឆ្ពោះទៅផែ៥២ ក្នុងសង្កាត់១ ក្រុងព្រះសីហនុ លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រេង ប៉ះនឹងបំពង់ស៊ីម៉ាំងម៉ាស៊ីនទូកបណ្តាលអោយមានភ្លើងឆាបឆេះជាអគ្គិភ័យ នៅលើទូក។
ហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ (ឈ្មោះហ៊ីង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង) និងរងបួសចំនួន០៦នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ជាអ្នកបើកបរទូក។ ពេលកើតហេតុភ្លាមៗក៏មានការជួយសង្គ្រោះពីអូបរ័ល្បឿនលឿនដែលនៅជិតដឹកជញ្ជូនជនរងគ្រោះមកកាន់ដីគោក និងការជួយសង្គ្រោះពីសមត្ថកិច្ចនិងប្រជាពលរដ្ឋបន្ថែមទៀត នាំយកអ្នករងបួសមកមន្ទីរពេទ្យ៕





ប្រភព៖ លោក Huy Bunleng