ព្រឹកស្អែកកម្ពុជា នឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម ចំនួន ១លានដូសបន្ថែម ដែលបញ្ជាទិញពីរដ្ឋាភិបាលចិន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង(ស៊ីណូហ្វាម) ចំនួន ១លានដូសបន្ថែម ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ស្អែកនេះ។ គិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន បានប្រមាណជាង ៦លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦២.០២% ធៀបនឹងគោលដៅចំនួន ១០លាននាក់។

កន្លងមក ក៏ដូចជាបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាមានវ៉ាក់សាំងចំនួន ១៦,០២៤,០០០ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
ដោយឡែកសម្រាប់ខែសីហា ឆ្នាំ២០២១ខាងមុខនេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៤លានដូសបន្ថែមទៀត ដែលធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងនៅក្នុងដៃ ចំនួនជាង ២០លានដូស ហើយអាចសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ។


