ក្រសួងសាធារណការបដិសេធសំណើសុំដំឡើងទម្ងន់ដឹក និងសុំមិនឲ្យឃាត់យានយន្ត១ឆ្នាំរបស់ក្រុមអ្នកបើកបរឡានធំ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រមូលផ្តុំគ្នាតវ៉ា របស់ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រួមទាំងដាក់សំណើរសុំមកគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិកាដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដូចតទៅ៖

១. ស្នើសុំដំឡើងទម្ងន់ ឬដឹកជញ្ជូនលើទម្ងន់ក្នុងចន្លោះចាប់៩តោន ទៅ ១៥តោន តាមប្រភេទរថយន្តធុនធ្ងន់ បន្ថែមពីលើទម្ងន់នៃច្បាប់បានកំណត់។
២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា
៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណាដែលកំពុងឃាត់ទុកមួយឆ្នាំឱ្យចរាចរណ៍ដឹកជញ្ជូនបាន។
ក្រសួងសូមបញ្ជាក់ជូនថា សំណើរសុំទាំង ៣ចំណុចខាងលើ មិនអាចដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទបប្បញ្ញត្តិដូចមានចែងក្នុង មាត្រា២៦ និងមាត្រ៦០ នៃច្បាប់ស្ដីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ម្យ៉ាងទៀត ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្ដធុនធ្ងន់ ឬអ្នកបើករថយន្ដធុនធ្ងន់ គួរតែចូលរួមសហការអនុវត្តវិធានការច្បាប់ទាំងអស់គ្នា ដើម្បីធានាការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យ ផ្លូវ ឲ្យស្ថិតស្ថេរគង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ ស្របតាមកម្រិតស្ដង់ដានៃការសាងសង់ ហើយក៏អាចចូលរួមចំណែកកាត់បន្ថយការចំណាយថវិការជាតិលើការជួសជុលថែទាំហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ដែលខូចខាតដោយសាររការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ៕



ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT