ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាដល់អធិការខណ្ឌទាំង១៤ បើបណ្តោយឱ្យមានបើកក្លឹបកម្សាន្ត ជួបជុំគ្នាផឹកស៊ី ច្រៀងរាំ ល្មើសវិធានសុខាភិបាល គឺទទួលខុសត្រូវចំពោះមុខថ្នាក់លើ

BY
Khmernote Media
July 21, 2021

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជម្រុញដល់លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបទល្មើសវិធានក្រសួងសុខាភិបាល ដែលបង្កឱ្យមានហានិភ័យរីករាលដាលជំងឺកូវីដ១៩។
ក្នុងករណីដែលបណ្តែតបណ្តោយឱ្យមានការបើកក្លឹបកម្សាន្តជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយល្មើសវិធានក្រសួងសុខាភិបាល គឺលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ ហើយកុំឆ្លើយថា បទល្មើសកើតហើយ មិនដឹងនោះ។

បន្ទាប់ពីមានបទបញ្ជារបស់ ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងជាច្រើននាក់ ជាមួយនឹងមធ្យោបាយដោយរថយន្តជាច្រើនគ្រឿង ដឹកនាំដោយលោកលោកស្រីស្នងការរង នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បង្កើនចេញល្បាតត្រួតពិនិត្យរឹតបន្តឹងសន្តិសុខ នៅក្នុងភូមិសាស្ត្រទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ។

ដើម្បីស្វែងរកចាត់វិធានការបង្ក្រាបចំពោះទីតាំង ប្រកបមុខរបរ អាជីវកម្ម រឺបើកលួចលាក់ខារ៉ាអូខេ ក្លឹបកម្សាន្ត ល្មើសវិធានក្រសួងសុខាភិបាល ដែលបង្កហានីភ័យឆ្លងរីករាលដាលជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ក្នុងអំឡុងដែលរាជធានីភ្នំពេញ នៅតែមានហានីភ័យឆ្លងរាលដាលជំងឺឆ្លងកូវីដ១៩ គេឃើញការលួចបើកក្លិបកម្សាន្ត ខារ៉ាអូខេ ជួបជុំផឹកស៊ីខ្លះនៅតែកើតមាន ដោយលួចលាក់ តាមបណ្តាខណ្ឌមួយចំនួនដោយមិនគោរពវិធានក្រសួងសុខាភិបាល ហើយត្រូវបានរងការបង្ក្រាបចាត់វិធានការតាមផ្លូវច្បាប់ជាបន្តបន្ទាប់៕

រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ប្រភព៖ PNN News

Share This Post: