ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូសបន្ថែមទៀតនៅខែសីហា និងកញ្ញា ដើម្បីចាក់ជូនដល់កុមារ និងយុវវ័យដែលមានអាយុពី១៣ ឆ្នាំ ដល់១៧ឆ្នាំ

BY
srey nuch
July 22, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥លានដូសបន្ថែមទៀតនៅខែសីហា និងកញ្ញា ដើម្បីចាក់ជូនដល់កុមារនិងយុវវ័យដែលមានអាយុពី១៣ ឆ្នាំ ដល់១៧ឆ្នាំ ខណៈដែលរំពឹងថា វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិកផ្ដល់តាមរយៈយន្តការ COVAX ក៏នឹងមកដល់កម្ពុជាផងដែរនោះ។

ក្នុងពិធីទទួលការមកដល់នៃវ៉ាក់សាំងស៊ីណីហ្វាមចំនួន ១ លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលពីប្រទេសចិន នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា រហូតដល់ចុងខែកក្កដានេះ កម្ពុជានឹងមានវ៉ាក់សាំងសរុបប្រហែល២០លានដូស ដែលអាចចាក់ជូនប្រជាពលរដ្ឋ ស្របទៅតាមផែនការយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំង ដែលសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ។

លោកជំទាវបានបញ្ជាក់ថា ជាងនេះទៀតនៅខែសីហាខាងមុខ កម្ពុជានឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូស និងខែកញ្ញា ទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២លានដូសបន្ថែមទៀត សម្រាប់ត្រៀមចាក់ជូនកុមារ និងយុវវ័យដែលមានអាយុពី១៣ ឆ្នាំ ដល់១៧ឆ្នាំផងដែរ។ លោកជំទាវក៏បានថ្លែងឱ្យដឹងដែរថា បើតាមព័ត៌មានដែលមិនទាន់មានកាលបរិច្ឆេទនៃការមកដល់ច្បាស់លាស់នោះ កម្ពុជា នឹងទទួលវ៉ាក់សាំងប្រភេទ Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ដែលផ្ដល់តាមយន្តការ COVAX ប្រមាណជា១លានដូស បន្ថែមទៀតផងដែរ។ ដូច្នេះយើងមានវ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងដៃ ដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋយើង ពិសេសកុមារ និងយុវវ័យ តាមផែនការដែលបានគ្រោងទុក។ លោកជំទាវបានថ្លែងសង្កត់ធ្ងន់ថា ដូច្នេះទន្ទឹមនឹងមានវ៉ាក់សាំងគ្រប់គ្រាន់នេះ ក៏ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងសហគមន៍ ក្នុងការអនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារផងដែរ។

គួរបញ្ជាក់ដែរថា គិតមកត្រឹមថ្ងៃនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុប ១៧ ០២៤ ០០០ ដូសភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយនិងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយ ក្នុងនោះរួមមាន វ៉ាក់សាំងស៊ីណូហ្វាម(Sinopharm)ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ២,២ លានដូស វ៉ាក់សាំងស៊ីណូហ្វាម ៤ លានដូសទិញពីក្រុមហ៊ុនស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ទិញពីប្រទេសចិនចំនួន ១០,៥ លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា(Astra Zeneca)ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមរយៈអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤ ០០០ដូស។

រីឯការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង គិតត្រឹមយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦ ៣៣៤ ៣៧៨នាក់។ ដូច្នេះសម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៣,៣៤ភាគរយហើយ ៕

ប្រភព៖ ក្រសួងព័ត៌មាន​

Share This Post: