ប្រទេសថៃបានបំបែកកំណត់ត្រាថ្មីមួយទៀត ជាមួយនឹងការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៣,៦៥៥ ករណី​ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ
កូវីដ-១៩ July 22, 2021 lyda

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅរសៀលថ្ងៃព្រហស្បិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៣,៦៥៥ ករណី ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានមួយទៀត ក៏ដូចជាការស្លាប់បន្ថែមចំនួន ៨៧ ករណី នៅក្នុងរយៈពេល ២៤​ ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីថ្មីទាំងអស់សម្រាប់ថ្ងៃនេះ មានករណីចំនួន ៥៤៥ ត្រូវបានរកឃើញពីពន្ធនាគារ។ ទន្ទឹមនឹងនេះ មានអ្នកជំងឺចំនួន ៧,៩២១ នាក់ បានជាសះស្បើយ និងរំសាយពីមន្ទីរពេទ្យកាលពីថ្ងៃពុធផងដែរ។

ចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដែលជាកំណើតនៃរលកទី៣ របស់ប្រទេសថៃ ប្រទេសនេះបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ៤២៤,២៦៩​ ករណី និងមានអ្នកជំងឺចំនួន ២៨៤,៩៥១ នាក់ បានជាសះស្បើយ និងរំសាយចេញទៅផ្ទះ។ ប៉ុន្តែបើគិតតាំងពីជំងឺ COVID-19 មានវត្តមានដំបូងនៅក្នុងប្រទេសថៃ ប្រទេសនេះមានករណីជំងឺ COVID-19 សរុបចំនួន ៤៥៣,១៣២ ករណី និងមានអ្នកជំងឺ ៣១២,៣៧៧ នាក់ បានជាសះស្បើយ និងរំសាយចេញទៅផ្ទះ។

ចំណែកករណីជំងឺ COVID-19 នៅទូទាំងពិភពលោកវិញ គិតមកទល់ពេលនេះគឺមានសរុប ១៩២.៨២ លាននាក់ ដោយមានករណីចំនួន ៥៥៣,៧១១ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងបន្ថែម ៨,៥៣៩ ករណី ដែលធ្វើឱ្យចំនួនស្លាប់សរុបមានដល់ ៤.១៤ លាននាក់។ ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី៥០ នៅទូទាំងពិភពលោក ជាមួយនឹងចំនួនករណីសរុបចំនួន ៤៥៣,១៣២ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍