ព័ត៌មានជាតិ

ត្រឹមរយៈពីរថ្ងៃលោកឧកញ៉ា ឡេង ប្រុស និងក្រុមគ្រួសារត្រកូល “ឡេង” បរិច្ចាគថវិកាជាង ៣ម៉ឺនដុល្លារ និងត្រីខប្រមាណ ១,៥០០កេស ក្នុងកិច្ចការមនុស្យធម៌

BY
Liny Chan
July 22, 2021

ឧកញ៉ាត្រកូល « ឡេង » ត្រូវបានមហាជនទូទៅឱ្យរហស្សនាមថា ឧកញ៉ាចិត្តធម៌ ឬ ឧកញ៉ាបេះដូងមនុស្សធម៌។ ជាក់ស្តែង បងប្អូន ត្រកូល « ឡេង » តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬ ទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗ របស់ជាតិ។ កាយវិការមនុស្សធម៌នេះ ធ្វើឱ្យមានការកោតសរសើរ និង ស្ញប់ស្ញែងជាខ្លាំង ពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា។

ជាក់ស្តែងត្រឹមរយៈពេលថ្ងៃលោកឧកញ៉ា ឡេង ប្រុស និងបងបង្អូនគ្រួសារត្រកូល “ឡេង” នាំយកថវិកាចំនួន ៣ម៉ឺនដុល្លារ និងត្រីខចំនួន ១,៥០០កេស ដល់កាកបាទក្រហមកម្ពុជាសាខាខេត្តកណ្តាល និងក្រុមការងារចាក់វ៉ាក់សាំងបង្ការកូវីដរបស់យោធភូមិភាគទី៥ នៃក្រសួងការពារជាតិ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ ៥ បានប្រកាសតាមរយៈទំព័រហ្វេសបុកនៅរសៀលថ្ងៃទី២២ ខែកក្កដានេះបានថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅដល់លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រាខ្នាតយក្ស ដែលបានជួយឧបត្ថម្ភត្រីខកំប៉ុងចំនួន ៥០០កេស និងថវិកា ៤០.០០០.០០០រៀល (១ម៉ឺនដុល្លារអាមេរិក) ដល់ក្រុមការងារចាក់វ៉ាក់សាំងរបស់យោធភូមិភាគទី៥។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងថា ជួសមុខអោយឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៥ ក្នុងនាមខ្ញុំបាទ ប្រធានក្រុមការងារចាក់វ៉ាក់សាំង កូវីដ-១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឧកញ៉ា ឡេង ប្រុស និងលោកជំទាវ សូមជូនពរលោកឧកញ៉ា និងលោកជំទាវ បុត្រា បុត្រី មានសុខភាពល្អ ជោគជ័យការងារ និងជួបប្រទះ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយឡែកនៅថ្ងៃទី២១ ខែកក្កដាម្សិលមិញ លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ និងក្រុមគ្រួសារត្រកូល “ឡេង” ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ១០០,០០០,០០០រៀល (២៥,០០០ដុល្លារ) និងត្រីខកំប៉ុងចំនួន១,០០០កេស ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់លោកឧកញ៉ា និងលោកជំទាវ ក្នុងការបបរិច្ចាគថវិកា និងសម្ភារៈដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។

សូមជម្រាបជូនថា ក្រុមគ្រួសារត្រកូល “ឡេង” មានលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាវ័យក្មេង ឡេង បញ្ចពណ៌ ក្នុងឆ្នាំ២០២១នេះ បានបរិច្ចាគធនធានសម្ភារៈ និងថវិកាជាច្រើនលានដុល្លារអាមេរិកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា សមាគម និងជនរងគ្រោះដែលជួបបញ្ហានាពេលកន្លងមកជាហូរហែឥតដាច់ដូចភ្លៀងរលឹម។

កាយវិការនិងទឹកចិត្តដ៏សប្បុរសទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងមហិមារ និងសរបញ្ជាក់ឲ្យឃើញជាគំរូល្អប្រពៃក្នុងសង្គមដល់ជនជំនាន់ក្រោយៗបន្តទៀត៕

Share This Post: