ស្នងការនគរបាលខេត្តព្រះសីហនុ បង្ក្រាបបានករណី ជនជាតិចិនមួយក្រុម ចាប់ជនជាតិចិនដូចគ្នាដាក់ចូលក្នុងរថយន្ត
ខេត្តព្រះសីហនុ ៖ នៅថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញបង្ក្រាបបានករណី ជនជាតិចិនមួយក្រុម ចាប់ជនជាតិចិនដូចគ្នាដាក់ចូលក្នុងរថយន្ត។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦និង៤០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានព័ត៌មានថា មានជនជាតិចិនមួយក្រុម បានចាប់ជនជាតិចិនម្នាក់ ភេទប្រុស ចូលរថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AZ-9381 នៅចំណុចលើផ្លូវក្បែរកាស៊ីណូ ប៉ាវទូ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ រួចជិះឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការគ្នា ដេញតាមចាប់ជនសង្សយ័រហូតដល់ចំណុចផ្លូវបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ទើបឃាត់បានរថយន្តខាងលើ ព្រមទាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន០៤នាក់ និងរំដោះបានជនរងគ្រោះ០១នាក់ ជាជនជាតិចិន ភេទប្រុស ។
ជនរងគ្រោះឈ្មោះ ZHANG TAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បើកកន្លែងផលិតទឹកបរិសុទ្ធ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
ចំណែកជនសង្ស័យទាំង០៤នាក់ មានឈ្មោះដូចខាងក្រោម:
១-ឈ្មោះ LAI XING YONG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
២-ឈ្មោះ JIA YONG SHENG ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាដក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
៣-ឈ្មោះ HUANG YOU TAO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
៤-ឈ្មោះ ZHANG KE WEI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
វត្ថុតាងចាប់យកបាន: រថយន្ត០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AZ-9381 ។ ចំពោះករណីនេះ នគរបាលកំពុងបន្តនីតិវិធី តាមផ្លូវច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ