ចាប់បាននាវាចិនមួយគ្រឿង ឆ្លងដែនចូលក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម និងឃាត់ខ្លួនជនជាតិចិនបានជាង៣០នាក់
ខេត្តព្រះសីហនុ-លោកវរសេនីយ៍ឯក ឌឹម សំបូរ ប្រធាននគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រឲ្យដឹងថា កាលពីវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងកងទព័ជើងទឹក និងសមត្ថកិច្ចមូលដ្ឋានកោះរ៉ុង បានចាប់ឃាត់នាវាចិនមួយគ្រឿង ដែលឆ្លងដែនចូលក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅចំណុចយាមការ ១០.៣៥-១០៣.២២ ។

ក្រោយការត្រួតពិនិត្យនិងសាកសួរ ក្រុមនាវិកបានប្រាប់សមត្ថកិច្ចថា នាវានេះមានឈ្មោះតុងហាយ បានចាកចេញពីកំពង់ផែ វូអាន ខេត្តវូជៀន ប្រទេសចិន នៅថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២១ ។ លោកវរសេនីយ៍ ឌឹម សំបូរ ឲ្យដឹងបន្ថែមថា នៅលើនាវានេះមានជនជាតិចិនចំនួន៣៦នាក់ ស្រី០១នាក់ និងមានកម្មករជនជាតិខ្មែរចំនួន០២នាក់។ ក្រោយសាកសួរតាមនិតិវិធីរួច ដែលមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុនិងសមត្ថកិច្ចពាក់ពន្ធ័ផងនោះ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានសហការជាមួយគ្រូពេទ្យធ្វើតេស្តសំណាករកមេរោគកូវីដ១៩ មុននឹងបញ្ជូនទៅជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ តាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ៕
