កូវីដ-១៩

ថ្ងៃច័ន្ទម្សិលមិញ វៀតណាមរកឃើញករណីជំងឺកូវីដ១៩ ដល់ទៅ ៧,៨៥៩ ករណី ដែលធ្វើឱ្យការឆ្លងក្នុងរលកទី៤ ចុងក្រោយកើនដល់ ១០២,៥២៥ ករណី

BY
autoadmin
July 27, 2021

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ៧,៨៥៩ ករណី គិតត្រឹមល្ងាចថ្ងៃច័ន្ទនេះ ដែលធ្វើឱ្យចំនួនករណីជំងឺ COVID-19 សរុបនៅក្នុងរលកនៃការឆ្លងទី០៤ មានដល់ ១០២,៥២៥ ករណី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ នៅក្នុងរបាយការណ៍ពេលល្ងាច ទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃការឆ្លងចុងក្រោយ បានរាយការណ៍ពីករណីថ្មីចំនួន ៤,២៨៣ ករណី ខណៈខេត្តប៊ិញដុងមាន ៣២៦ ករណី និងខេត្តដុងណៃខាងត្បូងមាន ១៣៤ ករណី ហើយករណីដែលនៅសល់ ត្រូវបានកត់ត្រាចេញពីក្នុងខេត្ត និងក្រុងចំនួន ២៣ ផ្សេងទៀត។

ក្រសួងសុខាភិបាលវៀតណាមក៏បានបញ្ជាក់ពីការជាសះស្បើយចំនួន ២,០០៦ ករណី នៅក្នុងថ្ងៃតែមួយនោះផងដែរ ដែលបង្កើនចំនួនអ្នកដែលបានធូរស្បើយចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្តើមឡើង មានដល់ ២១,៣៤៤ នាក់។ ចាប់តាំងពីរលកជំងឺ COVID-19 ថ្មីបានផុសឡើងនៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី២៧ ខែមេសា ការឆ្លងជំងឺក្នុងសហគមន៍របស់ប្រទេសនេះមានសរុបចំនួន ១០២,៥២៥ ករណី និងត្រូវបានកត់ត្រាចេញពីទីក្រុង និងខេត្តចំនួន ៦២ របស់ខ្លួន។ គិតមកទល់ពេលនេះក៏មានមនុស្សជាង ៤.៦១ លាននាក់ ក្នុងចំណោម ៩៦ លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប៉ុន្តែមានតែ ៣៨៩,៨៦៣ នាក់ ប៉ុណ្ណោះដែលបានទទួល ២ ដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: