កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ជាច្រើនកន្លែងលាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់ថែមទៀត ចាប់ពីស្អែកទៅដល់ដើមខែក្រោយ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា នេះទៅ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើតនិងអូសបន្លាយលើភាគខាងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមានល្បឿនមធ្យម។ ដោយឡែកព្យុះទី៦ ឈ្មោះ (IN-FA) បានឡើងចូលដល់ភាគខាងកើតប្រទេសចិន។ ព្យុះនឹងថមថយឥទ្ធិពលជាវិសម្ពាធទាបនៅថ្ងៃទី២៨ ខែកក្កដា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ លើកលែងតែបណ្តាខេត្ត៖ កំពង់ស្ពឺ, តាកែវ, កំពត, កណ្តាល និងរាជធានីភ្នំពេញ ដែលអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយសារឥទ្ធិពលខ្យល់ហ្វឺនក្នុងកម្រិតបង្គួរ។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ត្រាក់
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រខ្យល់ខ្លាំង, ភ្លៀងក៏ខ្លាំងធ្វើឲ្យរលកមានកម្ពស់ខ្ពស់៕
