ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លងចរន្តអគ្គិសនីទូរ ATM ឆាបឆេះជាអគ្គិភ័យរាលដាលដល់ហាងភីហ្សា ហាងដូរណាត់ និងហាងតែគុជ ធ្វើឲ្យភ្ញាក់ផ្អើលទាំងកណ្តាលយប់

    BY Khmernote Media July 28, 2021
    ឆ្លងចរន្តអគ្គិសនីទូរ ATM ឆាបឆេះជាអគ្គិភ័យរាលដាលដល់ហាងភីហ្សា ហាងដូរណាត់ និងហាងតែគុជ ធ្វើឲ្យភ្ញាក់ផ្អើលទាំងកណ្តាលយប់

    រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយផ្ដើមចេញមកពីឆ្លងចរន្តអគ្គិសនីពីទូរអេធីអឹម (ATM) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ឆាបឆេះរាលដាលដល់ហាងលក់ភីហ្សា Pezzo និងហាងលក់នំដូណាត់ “Big Apple & Donuts” និងហាងលក់តៃគុជ “Peaeh Tea” បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណប្រាប់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ និងជួយសង្គ្រោះមនុស្សបាន២នាក់ ។

    ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០១:១៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទូរម៉ាស៊ីនអេធីអឹម(ATM)ទី១២៨ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ “ប្រាសាក់” ស្ថិតនៅខាងមុខហាង “Big Apple & Donuts” ជាប់ហាងភីហ្សា “Pezzo” និងជាប់ហាងតៃគុជ “Peaeh Tea” ផ្ទះលេខ៤៨ (ទល់មុខទីស្ដីការក្រសួងសុខាភិបាល) លើផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ គេលឺសម្លេងផ្ទុះបែកផ្កាភ្លើងផាំងៗ និងឃើញមានផ្សែងខ្មួលខ្មាញ់ហុយទៅលើអាកាស ទើបនាំគ្នាចេញទៅមើលស្រាប់តែឃើញអណ្ដាតភ្លើងកំពុងតែឆាបឆេះចេញពីទូរអេធីអឹម(ATM) របស់ធនាគារប្រាសាក់ ត្រង់ចំណុចកើតហេតុទៅហើយ ទើបប្រជាពលរដ្ឋរស់នៅក្បែរខាងនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ជួយហៅរថយន្តពន្លត់អគ្គិភ័យចេញមកជួយអន្តរាគមន៍ផង ។

    ប្រភពបន្តថា មុនពេលរថយន្តពន្លត់អគ្គិភ័យមកដល់ ប្រជាពលរដ្ឋដែលនៅក្បែរនោះបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកជួយបាញ់ពន្លត់ដែរ តែមិនអាចទប់ស្កាត់បាននោះទេ ខណៈអណ្ដាតភ្លើងកំពុងឆេះកាន់តែខ្លាំង គេឃើញមានបុរស២នាក់ ដែលសម្រាកនៅក្នុងហាងលក់តែគុជ “ភីជធី-Peaeh Tea” បានរត់ឡើងលើតំបូលផ្ទះ លើកដៃជាសញ្ញា និងស្រែកហៅឲ្យគេជួយផងដែរ ។ ដោយសារហាងតែគុជជាប់ទ្វារដែក(អូតូ)ប្រើតេឡេ ហើយអគ្គីភ័យបានឆេះផ្ដាច់ចរន្តអគ្គីសនីអស់ទើបពុំអាចបើករត់ចេញមកក្រៅបាន ខណៈអណ្ដាតភ្លើងកំពុងឆាបឆេះរាលដាលមកដល់មុខហាងកាន់តែសន្ធោរសន្ធៅ ។ បន្តិចក្រោយមក រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង បានមកដល់កន្លែងកើតហេតុបន្តបន្ទាប់គ្នា ធ្វើការអន្តរាគមន៍បាញ់ពន្លត់ និងជួយធ្វើការកាត់ គាស់ទ្វារដែក(អូតូ)ដែលប្រើតេឡេនោះ ដើម្បីជួយសង្គ្រោះមនុស្ស២នាក់ យកចេញមកខាងក្រៅបានដោយសុវត្ថិភាព និងមិនបណ្ដាលឲ្យនរណាម្នាក់រងរបួស ឬស្លាប់ឡើយ ។

    ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ គេឃើញលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះដឹកនាំកម្លាំងនគរបាលពន្លត់អគ្គិភ័យដោយផ្ទាល់ និងបាញ់ពន្លត់ចប់នាវេលាម៉ោង០១:៤៥នាទីរំលងអាធ្រាត្រនាថ្ងៃខែឆ្នាំដដែល ដោយរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ស្មើនឹង១២ម៉ែត្រគូប ។

    បើតាមរបាយការណ៍ដែលអ្នកយកព័ត៌មានខ្មែរណូតយើងទទួលបានពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ស៊ីន ថតថារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរម្ចាស់ហាងតៃគុជខាងលើ ប្រភេទសំណង់ថ្មបេតុង (ទំហំ ០៨ម៉ែត្រ× ១៥ម៉ែត្រ) ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីទូរអេធីអឹម(ATM)។ ធ្វើឲ្យខូចខាតសម្ភារៈដូចជា ៖ ទូរអេធីអឹម(ATM)របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ អស់ទាំងស្រុង, ចំណែកឯហាងភីហ្សា PEZZO, ហាងនំដូណាត់ Big Apple, និងហាងតៃគុជ Peaeh Tea ខូចខាតអស់ប្រហែល៣០% នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: