ក្រសួងសុខាភិបាល ចេញសារាចរណែនាំ៣ចំណុចពីការចែកចាយ និងលក់តេស្តរហ័សអង់ទីហ្សែនកូវីដ១៩ តាមឱសថស្ថាននានា
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំជូនលោក លោកស្រីឱសថការីទទួលបន្ទុកបច្ចេកទេស អគ្គនាយកគ្រឹះស្ថានអាហរ័ណ នីហរ័ណ ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនទាំងអស់ជ្រាបថា ដើម្បីជំរុញឲ្យមានការចែកចាយ និងលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ១៩ ឲ្យបានទូលំទូលាយ និងធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់ក្នុងការចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដូចខាងក្រោម៖

១- ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ត្រូវធ្វើការចែកចាយតេស្តរហ័សអង់ទីហ្សែនកូវីដ១៩ ដែលមានលេខបញ្ជិកាពីក្រសួងសុខាភិបាល ជូនដល់ឱសថស្ថាន ឱសថស្ថានរង មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងគ្លីនិក។
២- ចំពោះឱសថស្ថាន ឱសថស្ថានរង ត្រូវទិញតែតេស្តរហ័សអង់ទីហ្សែនកូវីដ១៩ ដែលមានលេខបញ្ចិកាពីក្រសួងសុខាភិបាល ហើយលក់ជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាជនទូទៅដើម្បីប្រើប្រាស់ និងហាមឃាត់ការលក់ និងទិញតេស្តរហ័សនេះតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។
៣- ចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាពលរដ្ឋ ត្រូវទិញតេស្តរហ័សអង់ទីហ្សែនកូវីដ១៩ ដែលមានលេខបញ្ចិកាត្រឹមត្រូវពីឱសថស្ថាន ឱសថស្ថានរងស្របច្បាប់ ហើយត្រូវជៀសវាងការទិញឧបករណ៍តេស្តរហ័សនេះពីតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ព្រោះឧបករណ៍តេស្តនេះតម្រូវឲ្យមានការទុកដាក់ត្រឹមត្រូវ និងត្រូវមានប្រភពច្បាស់លាស់ បើមិនដូច្នោះទេអាចនឹងប្រឈមជាមួយតេស្តរហ័សដែលមានគុណភាពមិនត្រឹមត្រូវ ឬអាចជាផលិតផលក្លែងបន្លំទៀតផង៕
