ជិះម៉ូតូកញ្ចាស់មកលួចរ៉ឺម៉កបានសម្រេច ហើយជិះគេចខ្លួនមិនរួច ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់អោយសមត្ថកិច្ច
រាជធានីភ្នំពេញ៖ បុរសម្នាក់ដើររើសអេតចាយបែកគំនិត ជិះម៉ូតូសង់កូរ៉េកញ្ចាស់មកលួចម៉ូតូសណ្ដោងរ៉ឺម៉ក នៅមុខផ្ទះបោកអ៊ុតបានសម្រេច ហើយជិះគេចខ្លួនមិនរួច ត្រូវបានប្រជាពលរដ្ឋដេញតាមចាប់ឃាត់ខ្លួនបាន នាំមកកន្លែងកើតហេតុវិញ រងចាំប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្ទះលេខ១២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២១នេះ។

ជនសង្ស័យឈ្មោះ ភ័ត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ អ្នករើសអេតចាយមានទីលំនៅម្ដុំស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា ម៉ូតូសណ្តោងរ៉ឺម៉ក ដែលត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចនោះ គឺជារបស់ម្ចាស់ហាង បោកគក់សម្លៀកបំពាក់យីហោ សៀហ័របោកអ៊ុត ដែលម៉ូតូសណ្តោងរម៉កនោះគឺ សំរាប់ដឹកពងទាយកទៅលក់ ព្រោះ ហាងនោះ បើកទទួលបោកគក់សម្លៀកបំពាក់ផង និងលក់ពងទាផង ហើយជារៀងរាល់ថ្ងៃពេល ដែលដល់ម៉ោងបិទទ្វារសំរាកម្ចាស់ហាងនោះ តែងតែលើកដែកស្នួលហាលខោអាវដាក់ទៅលើម៉ូតូសណ្តោងរម៉ករួចបើកយកទៅឈប់ចតចាក់សោរទុកចោលនៅត្រង់ចំណុចកើតហេតុ។ ហើយនៅថ្ងៃកើតហេតុម្ចាស់ហាងនោះក៏បានបើកម៉ូតូសណ្តោងរម៉កយកទៅចាក់សោរទុកចោលនៅត្រង់ចំណុច កើតហេតុជាធម្មតាដូចសព្វដង។
លុះដល់វេលាកើតហេតុក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាក អាសង់កូរ៉េ ជាប្រភេទម៉ូតូសណ្តោង គ្មានស្លាកលេខ បានជិះទៅឈប់ចតចោលក្បែរហាងកើតហេតុ។ ហើយជនសង្ស័យក៏បានដើរទៅធ្វើសកម្មភាពលួចម៉ូតូសណ្តោងរម៉ករបស់ម្ចាស់ហាងនោះ បានសម្រេចរួចបានព្យាយាមជិះគេចខ្លួនចេញពីកន្លែងកើតហេតុ។ ភ្លាមៗនោះក៏មានសន្តិសុខ ដែលយាមនៅអាគារបន្ទាប់ជួលក្បែរហាងកើតហេតុ បានឃើញសកម្មភាពរបស់ជនសង្ស័យតាមកាមេរ៉ាសុវត្ថិភាពក៏ប្រញាប់ស្ទុះចេញមកស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅជុំវិញនោះ នាំគ្នាដេញតាមពីក្រោយជនសង្ស័យ រហូតអាចធ្វើការស្ទាក់ចាប់បាននៅត្រង់ ចំណុចក្បែរអធិការដ្ឋាននគរបាលខណ្ឌទួល គោក រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅជួយអន្តរាគមន៍ផងដែរ។
ក្រោយពេលកើតហេតុជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត ៕






ដោយ៖ បងម៉េង ខ្មែរណូត