ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឃួង ស្រេង ព្រមានមិនឱ្យមានករណីចែកប័ណ្ណចាក់សាំងជូនកុមារ ជាថ្នូរនឹងការយកលុយឡើយ

    BY Khmernote Media July 28, 2021
    ឯកឧត្តម ឃួង ស្រេង ព្រមានមិនឱ្យមានករណីចែកប័ណ្ណចាក់សាំងជូនកុមារ ជាថ្នូរនឹងការយកលុយឡើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានព្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែលមានសិទ្ធិក្នុងការចែកប័ណ្ណចាក់សាំងការពារកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ គឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរ នឹងការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ បើមានករណីបែបនេះ គឺ ឯកឧត្តមមិនមានការយោគយល់ជាដាច់ខាត។

    ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំតាមរយៈ video ពីចម្ងាយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ដើម្បីធានាប្រសិទ្ធ ភាពក្នុងអំឡុងពេលចាក់វ៉ាក់សំាងបានប្រព្រឹត្តទៅដោយរលូន។

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំនេះ អាជ្ញាធររបស់យើងត្រូវតែរៀបចំនិងធ្វើឡើងឱ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះទទួលបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ គឺដាច់ខាតមិនឱ្យមាននរណាម្នាក់យកលុយជាថ្នូរនឹងការចេញប័ណ្ណចាក់សាំងជូនកុមារនោះទេ។ បើនៅតែមានសកម្មភាពបែបនេះ អាជ្ញាធររាជធានីភ្នំពេញមិនយោគយល់ជាដាច់ខាត។ ដូច្នេះ អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់បំផុតចំពោះការងារនេះ គឺមិនអនុញ្ញាតជាដាច់ខាតចំពោះការចេញប័ណ្ណជាថ្នូរនឹងការយកប្រាក់ជាដាច់ខាត អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។

    ឯកឧត្តម ឃួង ស្រេង ក៏បានស្នើដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងឱ្យបានម៉ត់ចត់ចំពោះវិធានការការពារជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី ដែលតា ដែលបាននិងកំពុងវាយលុកនៅពេញពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយបាននិងកំពុងប្រឈមនឹងវីរុសថ្មីនេះផងដែរ។ ជាងនេះទៀត ត្រូវបន្តពង្រឹងឱ្យបានល្អប្រសើរបំផុត ចំពោះការផ្ដល់សេវា ការសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺកូវីដ-១៩ ហើយពួកគាត់បានស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះ។

    សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព ព្រមទាំងធ្វើសន្និសីទកាសែតផងដែរ ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតទៅទទួលវ៉ាក់សាំងផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: