កូវីដ-១៩

ព្រឹកនេះ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ២,៨២១ ករណី ដែលនាំឱ្យចំនួនឆ្លងនៅក្នុងរលកចុងក្រោយនេះកើនដល់ ១១៩,៨១២ ករណី

BY
autoadmin
July 29, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ២,៨២១ ករណី ចេញពីតំបន់ចំនួន ២១ ដែលនាំឱ្យការឆ្លងសរុបចាប់តាំងពីប្រទេសនេះប្រឈមនឹងរលកទី០៤ កើនដល់ ១១៩,៨១២ ករណី។ ទីក្រុងហូជីមិញនៅតែបន្ដនាំមុខគេជាមួយនឹងករណីថ្មីៗ ដោយថ្ងៃនេះផ្ទាល់ខ្លួនបានកត់ត្រាការឆ្លងថ្មីចំនួន ១,៧១៥ ករណី នាំឱ្យការឆ្លងសរុបកើនដល់ ៧៨,៩០៤ ករណី ។

ក្នុងចំណោមករណីថ្មីៗទាំងអស់នេះ មានករណីចំនួន ២,២៣៤ ករណី ត្រូវបានរកឃើញនៅកន្លែងធ្វើចត្តាឡីស័ក ឬតំបន់បិទខ្ទប់ ខណៈមានករណីចំនួន ៥៨៧ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍។ គិតត្រឹមរយៈពេល ៣ខែ ដែលប្រទេសវៀតណាមបានប្រឈមនឹងរលកទី០៤ របស់ខ្លួន ប្រទេសនេះបានរកឃើញអ្នកជំងឺ COVID-19 ចេញពីខេត្តក្រុងចំនួន ៦២ ក្នុងចំណោមខេត្តក្រុងចំនួន ៦៣ របស់ប្រទេស។ យ៉ាងណាក៏ដោយ ពេលនេះប្រទេសវៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការឱ្យពលរដ្ឋបាន ៥លាននាក់ ប៉ុន្តែមានតែពលរដ្ឋ ៤៩៦,៦៣០ នាក់ប៉ុណ្ណោះ ដែលចាក់បានចាក់វ៉ាក់សាំងទាំង ២ ដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: