លួចម៉ូតូពីខេត្តបាត់ដំបង ជិះរត់គេចខ្លួនដល់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានទាំងមនុស្សទាំងម៉ូតូ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៦និង៣០ នាទីនៅចំណុចភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការណ៍ជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ។

ដែលក្នុងនោះមានអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ចុះប្រតិបត្តិការបង្ក្រាបករណីលួច(យកម៉ូតូ )០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ហៀង រ៉ាវី ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ក្រៅពីនោះបានដកហូតវត្ថុតាងមាន ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AJ-6425(ជារបស់ជនរងគ្រោះ)ទៀតផង។
សូមជម្រាបជូនថាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៤និង៣០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ លីន បូរុំ ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយមិនស្គាល់អត្តសញ្ញាណបានលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AJ-642 5 ទៅបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេតបានឈានទៅស្វែងរកឃើញជនប្រព្រឹត្តិល្មើសនិងបានធ្វើការឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នវត្ថុតាងបានប្រគល់ឱ្យទៅជនរងគ្រោះវិញចំណែកជនសង្ស័យ ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕


ប្រភព៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង