កូវីដ-១៩

ម្សិលមិញនេះ ករណីកូវីដនៅវៀតណាមហក់ឡើងយ៉ាងខ្លាំង រកឃើញអ្នកឆ្លងថ្មីចំនួន ៨,៦២២នាក់ ដែលជាចំនួនឆ្លងខ្ពស់បំផុតទី២របស់ខ្លួន

BY
autoadmin
July 31, 2021

ប្រទេសវៀតណាមបានបញ្ជាក់ពីករណីឆ្លងជំងឺ COVID-19 ចំនួន ៣,៦៣៥ ករណី នៅយប់ថ្ងៃសុក្រនេះ ដែលនាំឱ្យចំនួនឆ្លងក្នុងសហគមន៍សរុបនៅថ្ងៃដដែលមានចំនួន ៨,៦២២ ករណី ហើយចំនួនអ្នកជំងឺសរុបចាប់តាំងពីរលកឆ្លងថ្មីបានចាប់ផ្ដើម បានកើនឡើងដល់ ១៣៣,២០៦ ករណី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះក៏មានករណីនាំចូលចំនួន ២៧ នាក់ផ្សេងទៀត ត្រូវបានគេកត់ត្រាផងដែរ ដែលនាំឱ្យការឆ្លងសម្រាប់ថ្ងៃសុក្រមានសរុប ៨,៦៤៩ ករណី។

ទីក្រុងហូជីមិញបន្ដមានករណីថ្មីច្រើនជាងគេ ដោយមានករណីចំនួន ១,៥៤២ ករណី តាមពីក្រោយដោយខេត្តប៊ិញឌួង ដែលមាន ៦៣៦ ករណី និងខេត្តឡុងអាន ៤៤៨ ករណី នៅក្នុងការបញ្ជាក់ចំនួនករណីថ្មីនៅពេលយប់។ ចំណែកចំនួននៃការជាសះស្បើយបានកើនឡើងដល់ ៣៥,៤៨៤ ករណី បន្ទាប់ពីអ្នកជំងឺ ៣,៧០៤ នាក់ ត្រូវបានបញ្ជាក់ថាបានជាសះស្បើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្រសួងសុខាភិបាលក៏បានប្រកាសពីការស្លាប់ដោយសារជំងឺ COVID-19 ចំនួន ២៩៨ នាក់ ដែលបានកត់ត្រាចន្លោះថ្ងៃទី ១៦-៣០ ខែកក្កដា នៅក្នុងខេត្តនិងក្រុងចំនួន ៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្តើមកាលពីឆ្នាំមុនមានដល់ ១,១៦១ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: