កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ឈរលេខ៣ ក្នុងស៊េរីនៃការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ
ភ្នំពេញ៖ កីឡាការិនីហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រមរកត បានបញ្ចប់ការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់ លេខ៣ក្នុងស៊េរី សម្រាប់វិញ្ញាសាហែលទឹក៥០ម៉ែត្រសេរី ដោយប្រើថិរវេលា ២៩.៤២វិនាទី ក្នុងការប្រកួតនៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ។

ផ្អែកលើលទ្ធផលខាងលើ ឃឺន ប៊ុនពេជ្រមរកត បានបំបែកលទ្ធផលចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានចុងក្រោយក្នុងថិរវេលា ២៩.៩៩វិនាទី ប៉ុន្ដែទាបជាងអតីតកីឡាការិនី ហែមថុន វិទិនី ដែលធ្លាប់ធ្វើបានក្នុងថិរវេលា ២៩.៣៧នាទី លើវិញ្ញាសា ៥០ម៉ែត្រសេរីដូចគ្នា ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងរីយ៉ូ កាលពីឆ្នាំ២០១៦។
យ៉ាងណាមិញការធ្វើបានក្នុងថិរវេលា ២៩.៤២វិនាទីរបស់កីឡាការិនីវ័យក្មេងកម្ពុជារូបនេះ ពុំបានធ្វើឲ្យ ឃឺន ប៊ុនពេជ្រមរកត បន្ដដំណើរទៅវគ្គ ១៦នាក់ ចុងក្រោយនោះទេ សូម្បីកីឡាការិនីឡាវ Budcharern ដែល ប្រើថិរវេលា ២៩.២២វិនាទី និងឈរលេខ២ ក្នុងស៊េរីជាមួយគ្នា ក៏ពុំបានឡើងវគ្គបន្ដដែរ ដ្បិតថិរវេលានេះ មិនស្ថិតក្នុងបេក្ខភាព ១៦នាក់ចុងក្រោយឡើយ៕
